ព្រះវិហារ៖ ទឹកជំនន់នៅតែបន្តហក់ឡើងខ្លាំង ធ្វើឱ្យផ្លូវលំជនបទក្រាលគ្រួសក្រហមប្រវែង២០០០ម៉ែត្រ ចូលទៅកាន់ភូមិយាង
ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បាននិងកំពុងរងនូវការជន់លិចជាខ្លាំង មិនអាចឱ្យពលរដ្ឋធ្វើដំណើរបាន។
លោក ហ៊ឹម ហឿន មេឃុំយាង បានបញ្ជាក់ឱ្យដឹងនៅមុននេះបន្តិចថា ស្ថានភាពកម្ពស់ទឹកជំនន់នៅកំពុងតែបន្តហក់ឡើងយ៉ាងខ្លាំង បានធ្វើឱ្យទឹកជន់លិចផ្លូវលំក្រាលគ្រួសក្រហមពីភូមិកោងយោង ចូលមកកាន់ឃុំយាងអស់ស្ទើតែទាំងស្រុកហើយ។
លោកមេឃុំបញ្ជាក់ថា ខណៈព្រឹកថ្ងៃព្រហស្បតិ៍នេះ ជំនន់ទឹកបានជន់លិចផ្លូវអស់ចំនួន២០០០ម៉ែត្រ ហើយទឹកក៏នៅតែបន្តហក់ឡើងលឿនផងដែរ។ លោកថាចំពោះផ្លូវលំចេញពីឃុំយាង ទៅកាន់ភូមិជាំស្រែទឹកជំនន់បានស្រកវិញអស់ហើយ ប៉ុន្តែរងការខូចខាតជាច្រើនកន្លែង ដោយកន្លែងខ្លះដាច់ និងច្រោះ។ រីឯផ្ទៃដីបង្កបង្កើនផលស្រូវស្រែ របស់ប្រជាពលរដ្ឋជាង១ពាន់ហិកតា កំពុងតែតែឋិតនូវការជន់លិចផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៩.៣៥នាទីថ្ងៃព្រហស្បតិ៍ ទី០៥ កញ្ញានេះ ស្ថានភាពកម្ពស់ទឹកស្ទឹងសែន ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានហក់ឡើងដល់កម្ពស់ ១១.៣០មហើយ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកចាប កុយ ប្រធានមន្ទីរធន់ធានទឹក និងឧតុនិយមខេត្តព្រះវិហារ៕សួនលីណា




































