ខេត្តកំពង់ធំ ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានលើកទឹកចិត្ត ដល់យោធិន ដែលត្រៀមចូលនិវត្តន៍ ចំនួន២៦នាក់ និងបានជួយឧបត្ថម្ភ ថវិកាមួយចំនួនទៀតផង។
ពិធិសំណេះសំណាលលើកទឹកចិត្ត ត្រូវធ្វើនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ រួមជាមួយថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីផ្តល់ភាព កក់ក្ដៅដល់យោធិនចំនួន ២៦នាក់ ដែលត្រៀមចូលសោធននិវត្តន៍ តាមការកំណត់របស់ក្រសួងការពាជាតិ នៅពេលខាងមុខនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍អរគុណដល់បងប្អូនទាំងអស់គ្នា ដែលមានគុណបំណាច់ ចំពោះជាតិ ធ្លាប់ឆ្លងកាត់សមរភូមិជាច្រើននៅក្នុងខេត្តកំពង់ធំ ដើម្បីការពារសេចក្ដីសុខសាន្តជូនប្រជាជនយើង បងប្អូនទាំងអស់គឺជាយុទ្ធមិត្តរួមសុខរួមទុកជាមួយគ្នា ដើម្បីប្រទេសជាតិ និងប្រជាជន ថ្ងៃនេះបងប្អូនត្រូវបានថ្នាក់លើត្រៀមដាក់់ឲ្យចូលសោធននិវត្តន៍ នាយទាហានមួយចំនួនទៀត ក៏ត្រូវដល់ពេលចូលនិវត្តន៍ដូចគ្នា ហើយក៏ជាឱកាសឲ្យក្មួយៗកូនចៅជំនាន់ក្រោយបន្តវេន ដែលជាទំពាំងស្នងឫស្សី ក្នុងកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោ ស៊ុន បាន បញ្ជាក់ថា រាជរដ្ឋាភិបាលមិនបំភ្លេចនូវគុណបំណាច់បងប្អូនទេ ចំពោះមុខនេះបងប្អូនដែលត្រូវចូលសោធននិវត្តន៍ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការពារជាតិ បានដំឡើងឋានន្តរស័ក្តិមួយថ្នាក់ជូនបងប្អូន មួយថ្នាក់ ហើយនិងផ្ដល់ជាកញ្ចប់ថវិកាចំនួន៨ខែនៃប្រាក់បៀវត្សផ្ទាល់ខ្លួន ជូនបងប្អូន ដែលបងប្អូនត្រូវចូលសោធននិវត្តន៍ផងដែរ និងបន្តបើកប្រាក់ប្រចាំខែនៅតាមធនាគារ តាមរយៈមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន។ 
ដោយឡែក ពេលបងប្អូនក្លាយទៅជាអតីតយុទ្ឋជន ត្រូវបានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន គ្រប់លំដាប់ថ្នាក់ នៅជួយមើលថែ ដោះស្រាយការលំបាកជូនបងប្អូនដូចជា ការដោះស្រាយជីវភាពប្រចាំថ្ងៃពេលបងប្អូនជួបការលំបាក មានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ដែលត្រូវទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យរដ្ឋនានាដោយឥតគិតថ្លៃ និងសាងសង់លំនៅដ្ឋានជូនបងប្អូនដែលគ្មានជម្រកស្នាក់នៅ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ បានប្រគល់ជូនឯកសណ្ឋានលេខ៤ ចំនួន២៦សម្រាប់ ដែលជាជំនួយឧបត្ថម្ភរបស់ក្រសួងការពារជាតិ ព្រមទាំងថវិកាមួយចំនួនទៀត ដែលជាជំនួយឧបត្ថម្ភ របស់សប្បុរសជនក្នុងទីបញ្ជាការតំបន់ប្រតិបត្ដិការសឹករងកំពង់ធំ ក្នុងនោះបងប្អូនអតីតយុទ្ធជន មានសេចក្តីរំភើបចិត្ត រីករាយចំពោះការគិតគូររបស់រាជរដ្ឋាភិបាលយើង ហើយសន្យាថា ពេលទៅរស់នៅមូលដ្ឋានវិញ ចូលរួមជីវភាពជាមួយប្រជាជន ក្នុងការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍បន្តទៅទៀត។
ដោយ ប៊ុនរដ្ឋា




































