អភិបាលខេត្តព្រះវិហារ! បានជម្រុញដល់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រះវិហារ ត្រូវពន្លឿនក្នុងការកែសម្រួលជួសជល់ផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង តាមអ្វីដែលអាចធ្វើទៅបាន!

0

ព្រះវិហារ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងការជម្រុញទៅដល់ក្រសួងវិស្វកម្ម និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើយ៉ាងណាត្រូវពន្លឿន នៅក្នុងការកែសម្រួលជួសជល់លើកំណាត់ផ្លូវ ដែលបានរងការខូចខាត ដោយសារការជន់លិច នូវជំនន់ទឹកភ្លៀង កាន់តែឆាប់ទៅតាមអ្វីដែលអាចធ្វើបាន។

ប្រសាសន៍ជម្រុញ របស់ឯកឧត្តម ប្រាក់ សុវណ្ណ ធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលឯកឧត្តម បានដឹកនាំបណ្តាប្រធានមន្ទីរអង្គភាពពាក់ពន្ធ័នានាជុំវិញខេត្ត ចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ស្ពានលូ ដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង នៅក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ ត្រង់ចំនុចឃុំយាង និងចំនុចផ្លូវឡើងភ្នំអានសេះ ស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ដែលបច្ចុប្បន្ន ផ្លូវទាំងពីរខ្សែខាងលើនេះ មិនអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយរថយន្ត ឬម៉ូតូបាននោះឡើយ។ ជាពិសេសកំណាត់ផ្លូវបេតុងឡើងទៅច្រកផ្សារតំបន់អានសេះ ដែលកំពុងរងការបាក់ស្រុតទាំងស្រុង ដោយមិនអាចធ្វើឱ្យរថយន្តចរាចរឆ្លងកាត់បាននោះទេ គឺបានត្រឹមតែម៉ូតូ នឹងដើថ្មើរជើងឡើងប៉ុណ្ណោះ។

អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានលើកឡើងទៀតថា បើទោះបីច្រកតំបន់ផ្សារអានសេះនេះ មិនទាន់ក្លាយទៅជាច្រកអន្តរជាតិក្តី ប៉ុន្តែច្រកមួយនេះផ្តល់សារៈសំខាន់ណាស់សម្រាបបងប្អូនប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ពួកគាត់ដែលជាខេត្តជាប់ព្រំដែន។

លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានឱ្យដឹងថាកំណាត់ផ្លូវដែលបាក់ស្រុតខាងលើនេះមានប្រវែង១៥០ម៉ែត្រ ការបាក់ស្រុតដាច់នេះគឺដោយសារទឹកភ្លៀងហូរច្រោះ តាំងពីថ្ងៃទី០៣ កញ្ញាកន្លងមកម្លេះ។ លោកអភិបាលស្រុកបានបន្ថែមថា សម្រាប់ឆ្នាំ២០១៩នេះ ទំហ៊ុំទឹកជំនន់ធំជាងឆ្នាំ២០១៨កន្លងទៅ ហើយទិន្នន័យផលប៉ះពាល់ ដែលបង្កឡើងដោយសារទឹកជំនន់នេះនៅមិនទាន់ដឹងនោះឡើយ ព្រោះថាស្ថានភាពទឹកកំពុងតែជន់លិចដដែល។

ជាមួយនឹងការជន់លិចនេះផងដែរ លោក ហ៊ឹម ហឿន មេឃុំយាង បានបញ្ជាក់ថា ផ្ទៃដីកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋទូរទាំងឃុំប្រមាណជាង១០០០ហិកតា និងផ្លូវលំជនបទក្រាលគ្រួសក្រហមមួយខ្សែប្រវែង២០០០ម៉ែត្រពីភូមិកោងយោង ទៅកាន់ឃុំយាងកំពុងរងនូវការជន់លិចដោយសារជំនន់ទឹកភ្លៀង។ និងធ្វើឱ្យប្រជាពលរដ្ឋទូរទាំងឃុំ មិនអាចធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខាងលើបាន តាមរយៈរថយន្ត នឹងម៉ូតូនោះឡើយ។ ដោយបច្ចុប្បន្នប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខាងលើនេះបាន គឺតាមរយៈទូកប្រើម៉ាសុិន។

ជាមួយការជន់លិច និងខូចខាត នូវហេត្ថារចនាសម្ព័ន្ធផ្លូវថ្នល់ខាងនេះផងដែរ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានមានប្រសាសន៍បញ្ជាក់ថា បើផ្លូវខូចនោះស្ថិតក្នុងក្រសួង របស់លោកជាអ្នកគ្រប់គ្រង នោះលោកនឹងចាប់ផ្តើមចុះជួសជួលឡើងវិញ នៅក្រោយពេលទឹកជំនន់ចាប់ផ្តើមស្រកចុះភ្លាម។ ដោយលោកមិនធ្វើឱ្យប្រជាពលរដ្ឋមានការអាក់អន់នឹងក្រសួង របស់លោកជាអ្នកគ្រប់គ្រងនោះទេ ព្រោះថវិកាមានបំរុងទុកជាស្រេច។ លោកប្រធានបន្ថែមទៀតថា ចំពោះផ្លូវដែលមានផលប៉ះពាល់ដោយសារទឹកជំនន់ ដែលគ្រប់គ្រងដោយមន្ទីរសាធារណកាខេត្តនោះ គឺមាន៨គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែផ្លូវនេះនៅតែបន្តចរាចរបានជាធម្មតាទេ៕សួនលីណា