ព្រះវិហារ៖ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាឲ្យកម្លាំងនគរបាលជាតិ
ពិសេសកម្លាំងនគរបាលការពារព្រំដែនគោក ប៉ុស្ដិ៍ព្រំដែនអានសេះ ចុះរៀបចំជួសជុលជាបណ្ដោះអាសន្ន ផ្លូវវាងឡើងទៅច្រកតំបន់អានសេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
ខណៈដែលតំណាត់ផ្លូវបេតុង១ខ្សែនេះ កំពុងរងការខូចខាតបាក់ដាច់ទាំងស្រុង ដោយសារគ្រោះធម្មជាតិទឹកភ្លៀងហូរច្រោះអស់ចំនួន១២០ម៉ែត្រ ធ្វើឲ្យប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃ។
ប្រតិបត្តិការជួសជុលផ្លូវជាបណ្ដោះអាសន្ននេះ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចូលរួមពី កម្លាំងនគរបាលការពារព្រំដែនគោក ប៉ុស្តិ៍ព្រំដែនអានសេះ នៃវរសេនាតូច លេខ៧៩៣ផងដែរ។
ជាមួយនិងការចុះជួសជុលផ្លូវវាងបណ្តោះអាសន្ននេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ លៀង ភារម្យ ក៏បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវតែត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីចេញអន្ដរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលពួកគាត់មានបញ្ហាកើតឡើង។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានលើកទឹកចិត្តដល់កងកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែនអានសេះ ចំនួន២៥នាក់ ដោយឧបត្ថម្ភនូវថវិកាចំនួន៥០,០០០រៀល ក្នុងម្នាក់ៗផងដែរ៕សួនលីណា






































