អភិបាលខេត្ដ​កំពង់ចាម​ ចុះសួរសុខទុក្ខ​ជីវភាព​​ពលរដ្ឋ​ រស់នៅ​ទីទួល​សុវត្ថិភាព​ ខណៈ​ទឹក​ទន្លេ​មេគង្គ​នៅ​តែ​បន្ត​ហក់​ឡើង​

0

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ នាព្រឹក​ថ្ងៃ​ទី​៨​ ខែកញ្ញា​ ឆ្នាំ​២០១៩នេះ​ បាន​អញ្ជើញ​ធ្វេី​ដំណើរ​តាម​ផ្លូវ​ទឹក​ ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ជំនន់​ដែល​កំពុងបន្តការ​ហក់ឡេីង​ និង​ទីទួល​សុវត្ថិភាព​ ​នៅភូមិកំពង់ឪជ្រឹង​ ឃុំពង្រ​ ភូមិកំពង់លើ​ ឃុំពង់រាប និងភូមិទី៥​ ឃុំកោះសូទិន ស្រុកកោះសូទិន ព្រមទាំង​បាន​ធ្វើ​ការ​សាកសួរ​សុខទុក្ខ​ អំពី​ជីវភាព​រស់នៅ​ របស់​បងប្អូន​ប្រជាពលរដ្ឋនោះផងដែរ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានធ្វើការអំពាវនាវ​ ក្រេីន​រំលឹក​ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ​បង្កើត​កាប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះគ្រោះធម្មជាតិដោយទឹកជំនន់នេះ ពិសេស​ត្រូវ​​​ប្រុងប្រយ័ត្ន​ចំពោះ កុមារ​តូចៗ​ គឺត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ការពារ​សុវត្ថិភាព​ និង​អប់រំកូនចៅកុំឲ្យលេងទឹកនៅតំបន់ដែលមានហានិភ័យខ្ពស់។​ ហេីយ​ក៏​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្នចំពោះ​សត្វ​អាសិរពិស​នានាចឹកឬ​ខាំ ​ព្រមទាំង​មាន​ការ​​ថែទាំ​សុខភាព​ គឺ​ត្រូវ​ហូប​ស្អាត​ ផឹក​ស្អាត​ និង​រស់នៅ​ប្រកប​ដោយ​អនាម័យ​ទៀត​ផង​។ ក្នុង​ករណី​បេី​មាន​អ្នក​​រងរបួស​ដោយ​សត្វ​អាសិរពិស​ ឬ​ជម្ងឺ​ផ្សេងៗ​កើត​ឡើង​ សូម​ប្រញាប់ប្រញាល់​បញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ព្រោះមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់សម្រាប់​ធ្វើការ​ព្យាបាល​ភ្លាមៗ​ យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។
ជាមួយ​គ្នា​នោះ​ អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើការណែនាំ និងត្រៀមលក្ខណៈជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ​ ដែលរស់នៅតាមតំបន់ដែលងាយ​រងគ្រោះ​ដោយទឹកជំនន់នេះផងដែរ​។

ដោយ​ឡែក​នារសៀល​ថ្ងៃ​ដដែល​នោះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ​ចុះពិនិត្យទីតាំងការដ្ឋានទំនប់ការពារទឹកជំនន់ ប្រវែង ២,២០០ម៉ែត្រ ស្ថិតនៅ​ក្នុង​ភូមិបឹងសាងកើត និងភូមិបឹងសាងលិច ឃុំសូគង ស្រុកកងមាស ព្រមទាំង​បានជួយឧបថម្ភនូវថវិការដល់គណៈកម្មការជួសជុលទំនប់ចំនួន ១០លានរៀល ដេីម្បីចែទាំ​ទំនប់ការពារទឹកជំនន់ មិនឲ្យហូរជន់លិចភូមិចំនួន៣ផ្សេងទៀតនៅខាងក្រោមនោះផងដែរ។

បេីយោងតាម​របាយការណ៍​របស់​ លោក​ អ៊ុំ​ វិបុល​ ប្រធាន​មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម​ បាន​បញ្ជាក់​​ថា ចាប់​គិតត្រឹម​ព្រឹក​ថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ​២០១៩នេះ ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម​បាន​ហក់​ឡើង​​កម្ពស់​១៥.៦៤ម៉ែត្រ​ បេី​ប្រៀបធៀប​នឹង​ថ្ងៃ​ម្សិលមិញ​កេីនឡេីង​០.២៩ម៉ែត្រ​ ដែល​ខ្ពស់​ជាង​កំរិត​ប្រកាស​អាសន្ន​១៥.២០ម៉ែត្រ​ ដោយ​ឡែក​​ឆ្នាំ​២០១៨កន្លងទៅ​ទឹក​មាន​កម្ពស់​​១៤.៨៣ម៉ែត្រ​ ៕