ម្ចាស់សំណង់របងដែលសង់ចូលប្រឡាយទឹកជាង១ម៉ែត្រ បានវៃកម្ទេចចោលរបងរបស់ខ្លួនមិនដល់ ២៤ម៉ោង ក្រោយអាជ្ញាធរនិងមន្រ្តីជំនាញ ចុះពិនិត្យវាស់វែង និងបានទុកពេល៩០ថ្ងៃ

0

តាកែវ៖ នៅទីបំផុត សំណង់របងដែលបានសង់ចូលប្រឡាយទឹកជាង ១ម៉ែត្រ នៅចំណុចភូមិដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ ត្រូវបានលោក សែម សារ៉ែនឌី ដែលជាម្ចាស់សំណង់ ធ្វើការវៃកម្ទេសចោលទាំងស្រុង នៅរសៀលថ្ងៃទី០៩ កញ្ញានេះ បន្ទាប់ពីអាជ្ញាធរស្រុក រួមនឹងមន្រ្តីជំនាញ ចុះវាស់វែង និង ទុកពេល៩០ថ្ងៃ ឲ្យម្ចាស់រុះរើ និងវៃរបងចោល ក្រោយពីបានសង់ចូលប្រឡាយជាង១ម៉ែត្រ ។

លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ ដែលបានចុះមកពិនិត្យមើលការវៃកម្ទេចចោលរបងដែលសង់ចូលប្រឡាយទឹកនេះ បានឲ្យដឹងថា សំណង់ របងដែលបានសង់របងចូលប្រឡាយទឹក ត្រង់កន្លែងខ្លះនៃសំណង់របង ស្ថិតនៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ ត្រូវបាន លោក សែម សារ៉ែនឌី ម្ចាស់សំណង់របង សម្រេចចិត្តរុះរើចេញភ្លាមៗ ដោយមិនទុកដល់រយះពេល ៩០ថ្ងៃទេ ពោលគឺវៃកម្ទេចចោលមិនដល់២៤ម៉ោងផង នៅថ្ងៃដំបូងនៃការកំណត់របស់អាជ្ញាធរ ហើយការវៃរបងនេះដែរ គឺម្ចាស់វៃតែកន្លែងដែលសង់ចូលប្រឡាយតែប៉ុណ្ណោះ ហើយកន្លែងខ្លះដែលសង់មិនចូលប្រឡាយគឺមិនវៃបំផ្លាញចោលទេ ដោយឡែកនៅចុងកន្ទុយនៃរបងរបស់គាត់ គឺសង់ខ្វះ១ម៉ែត្រវិញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៨ កញ្ញា ម្សិលមិញនេះ លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្ត លោក ជា ហុង អនុប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្ត លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ បានចុះពិនិត្យជាក់ស្តែង ហើយឃើញថា៖ ចំពោះការសាង សង់របងរបស់ម្ចាស់ដីឈ្មោះ សែម សារ៉ែនឌី ផ្នែកខាងមុខ ចាប់ពីក្បាលដីលេខ ២០២ ទល់នឹងប្រឡាយទឹកបានសង់ចូលប្រឡាយទឹក ១,៤ម៉ែត្រ (មួយម៉ែត្របួនតឹក) នឹងបានសង់ចូលចំណីផ្លូវជាតិលេខ៣ ប្រវែង ៦ម៉ែត្រ (ប្រាំមួយម៉ែត្រ) នឹងផ្នែកនៅខាងក្រោយ នៅលើក្បាល ដីលេខ ២៣២ មានប្រវែង ៧៦,៩៦ម៉ែត្រ (ចិតសិបប្រាំមួយក្បៀសកៅសិបប្រាំមួយម៉ែត្រ) ចុងខាងលិចរបងដែលបានសង់រួចនោះ គឺសង់មិនចូលប្រឡាយទឹកនោះទេ ហើយម្ចាស់បានសង់ថយក្រោយចូលដីរបស់ខ្លួន១ម៉ែត្រវិញ៕