!ព្រះវិហារ៖ លោក ឃឹម រតនៈ នាយចំណង់ក្នុងវរសេនាតូច៣៩១ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ បានស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង១៣.១០នាទី រសៀលថ្ងៃច័ន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯង ត្រង់ចំណុចដំណាក់បារាំង ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះវិហារ1B.31.80 ទិសដៅពីត្បូងទៅជើង នៅក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុខាងលើ ដោយស្ថានភាពផ្លូវកោងផងនោះ ក៏បានជ្រុលចង្កូតធ្លាក់ទៅក្នុងប្រឡាយខាងស្តាំដៃ ស្លាប់នៅនិងកន្លែងកើតហេតុតែម្តង។
ប្រភពដដែលបានបន្តថា ក្រោយកើតហេតុ គេឃើញមានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំមរកត ចុះមកដល់ទីតាំងកន្លែងកើតហេតុ ហើយធ្វើការត្រួតពិនិត្យទៅលើខ្លួនសពជនគ្រោះ។ ឃើញថាពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មែន ក៏ធ្វើការប្រគល់
សាកសពជនរងគ្រោះ និងវត្ថុតាងដែលបង្កហេតុ ទៅក្រុមគ្រួសារសាច់ញាតិរស់នៅភូមិសែនរុងរឿង៣ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕សួនលីណា




































