កំពង់ចាម: ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យឃឿនច្រាំងទន្លេការពារទឹកជំនន់ចូលក្នុងក្រុង ចាប់ពីចំណុចកំពង់រងចាំ រហូតដល់កំពង់សាឡាងចាស់ ស្ថិតនៅក្នុងក្រុងកំពង់ចាម ព្រមទាំងបានពិនិត្យការដាក់ម៉ាសុីនអន្តរាគមន៍បូមទឹក ដេីម្បីបញ្ចៀសការលិចក្នុងក្រុងកំពង់ចាមផងដែរ។
ដោយប្រឈមទៅនឹងបញ្ហាគ្រោះទឹកជំនន់នេះ ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ នាយឧត្តមសេនីយ៍ គន់ គីម និងឯកឧត្ដម អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ចុះពិនិត្យស្ថានភាពទឹកជំនន់ដែលកំពុងបន្តការហក់ឡើង ដោយមានក្រុមបច្ចេកទេសជាងសាងសង់ឃឿនរបាំងការពារទឹកជំនន់ នៅតំបន់មាត់ទន្លេជុំវិញក្រុងកំពង់ចាម ដែលជាវិធីសាស្រ្តទប់ទល់ ការពារ គ្រោះទឹកជំនន់នេះ។ ហេីយក៏បានពិនិត្យនៅចំណុចផ្លូវថ្នល់មុខសណ្ឋាគារមេគង្គ ដោយទឹកទន្លេបានជ្រាបចូលដក់នៅលើថ្នល់ ដែលប្រការនេះអាជ្ញាធរខេត្ត បានបិទកំណាត់ផ្លូវចំណុចនោះ មិនអនុញ្ញាតឲ្យយានយន្តធន់ធ្ងន់គ្រប់ប្រភេទធ្វើដំណើរជាបណ្ដោះ អាសន្ន។
ព្រមទាំងបានដាក់ម៉ាសុីនខ្នាតធំអន្តរាគមន៍បូមទឹក ដេីម្បីបញ្ចៀសការលិចក្នុងក្រុងកំពង់ចាមផងដែរ។
ដោយឡែកពាក់ព័ន្ធទៅនឹងគ្រោះទឹកជំនន់នេះដែរ បណ្តាលឲ្យ អាងហែលទឹកសិប្បនិម្មិតដ៏ធំមួយកន្លែង ស្ថិតសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានដាច់ខ្សែហើយរសាត់តាមទឹក ទៅទើរជាប់នៅចំណុច គល់ស្ពានកោះប៉ែន ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម នារាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានបញ្ជាឲ្យកម្លាំងអន្តរាគមន៍ ដើម្បី អូសអាងទឹកនោះ ចេញពីតំបន់កើតហេតុនោះជាបន្ទាន់។
សូមញ្ជាក់ថា អាងទឹកសិប្បនិម្មិត ខាងលើនេះ មានទំហំ ៦០ម៉ែត្រ គុណនឹងទទឹង ២២ ម៉ែត្រ និងកម្ពស់ ៣ម៉ែត្រ ហើយបានដាច់ដោយសារកម្លាំងទឹកហូរបុក កាលពីវេលា ម៉ោង៧និង២០នាទីយប់។
យោងតាមរបាយការណ៍របស់ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ចាប់គិតត្រឹមព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានហក់ឡើងកម្ពស់១៥.៧៣ម៉ែត្រ បេីប្រៀបធៀបនឹងថ្ងៃម្សិលមិញកេីនឡេីង០.០៩ម៉ែត្រ ដែលខ្ពស់ជាងកំរិតប្រកាសអាសន្ន១៥.២០ម៉ែត្រ ដោយឡែកឆ្នាំ២០១៨កន្លងទៅទឹកមានកម្ពស់១៤.៨៣ម៉ែត្រ ៕




































