ខេត្តកំពត; ប្រភពពីប្រជាពលរដ្ឋនៅស្រុកទឹកឈូ ខេត្តកំពត បានឲ្យដឹងថា មួយរយៈកន្លងទៅនេះអ្នកមានអំណណាចកំពង់ធ្វើសកម្មភាពចាក់ដីចូលព្រែកនិបិទផ្លូវទឹកមួយកន្លែង ស្ថិតនៅចំណុច ស្ពានក្បាលរមាស ឃុំត្រពាំងសង្កែនស្រុកទឹកឈូ ខេត្តកំពត គ្មានមន្ត្រីអាជ្ញាធរណាចាត់វិធានការទប់ស្កាត់ឡើយ។
ជាក់ស្ដែងទាំងអភិបាលស្រុកទឹកឈូ ក៏ដូចជា លោក ជាវ តាយ អភិបាលខេត្ត កំពត បានរក្សាភាពស្ងប់ស្ងាត់ក្នុងខណៈដែលអ្នកមាន អំណាចចាក់ដីលុបបិទផ្លូវទឹក នៅចំណុចគល់ស្ពានក្បាលរមាសរមាស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូូ យកធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើន។
ជាងនេះទៅទៀតប្រធានមន្ទីរបរិស្ថានខេត្តេត្តកំពត ធ្វើមិនដឹងមិនឮអ្វីទាំងអស់ក្នុងខណៈដែលអ្នកមានអំណាចកំពុងចាក់ដីចូលព្រែកដែលជាទ្រព្យសម្បតិ្ដរដ្ឋរំលោភយកធ្វើជាកម្មសិទ្ធិយ៉ាងស្រួលៗ។
ប្រជាពលរដ្ឋនៅក្នុងស្រុកទឹកឈូ ខេត្តកំពត បានឲ្យដឹងថា កន្លងមកដីព្រៃលិចទឹក ដីព្រែកទឹកឈូ និងតំបន់មួយចំនួនទៀតត្រូវបានអ្នកមានលុយ អ្នកមានអំណាច ចាក់ដីលុបយកធ្វើជាកម្មសិទ្ធិដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ មជ្ឈដ្ឋាននានាបានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក និងថ្នាក់ខេត្តទេនោះ គឺគ្មាននរណាអាចធ្វើសកម្មភាពចាក់ដីចូលព្រែក ចូលដៃសមុទ្រ រំលោភយកធ្វើជាកម្មសិទ្ធិយ៉ាងរលូនដូចសព្វថ្ងៃនេះទេ។ បញ្ហានេះ គឺជារឿងដែលលោក ជាវ តាយ អភិបាលខេត្តកំពត គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះដៃព្រែក ដៃសមុទ្រ ជាទ្រព្យសម្បត្ដិរដ្ឋមិនអាចបុគ្គលណារំលោភយកធ្វើជាកម្មសិទ្ធិបានឡើយ។
បើតាមការកត់សម្គាល់របស់ប្រជាពលរដ្ឋនៅក្នុងស្រុកទឹកឈូ ខេត្តកំពត បានឲ្យដឹងថា រាល់សកម្មភាពរបស់អ្នកមានលុយ អ្នកមានអំណាច ចាក់ដីចូលព្រែក ចូលដៃសមុទ្រ យកធ្វើជាកម្មសិទ្ធិគឺសុទ្ធតែត្រូវបានមន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធដឹងជាមុន។ ប៉ុន្តែពួកគេឃុបឃិតដើម្បីជាថ្នូរនឹងផលប្រយោជន៍ទើបអ្នកមានលុយ អ្នកមានអំណាច អាចធ្វើអ្វីៗតាមអំពើចិត្ត ហើយលោក ជាវ តាយ អភិបាលខេត្តកំពត ក៏ដូចជាប្រធានមន្ទីរពាក់ព័ន្ធនាំគ្នាសម្ងំស្ងាត់ឈឹងមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រជាពលរដ្ឋបានលើកឡើងថា ករណីអ្នកមានអំណាចចាក់ដីលុបព្រែកទឹកឈូ នៅចំណុចស្ពានក្បាលរមាស ស្រុកទឹកឈូ អាចមានការឃុបឃិតពីមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងមន្ទីរពាក់ព័ន្ធផងដែរ ដូច្នេះក្រសួងពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះមួយរយៈចុងក្រោយនេះករណីឈ្មួញចាក់ដីលុបដៃសមុទ្រុយកធ្វើជាកម្មសិទ្ធិនៅក្នុងខេត្តកំពត កំពុងកើតឡើងយ៉ាងរាលដាល ហើយសូម្បីតែដីព្រៃលិចទឹក ដីឆ្នេរសមុទ្រ ក៏មន្ត្រីពាក់ព័ន្ធហ៊ានចេញប័ណ្ណកម្មសិទ្ធិឲ្យអ្នកមានលុយ អ្នកមានអំណាចដែរ៕