កំពង់ចាម : ប្រជាពលរដ្ឋ ចំនួន ១.៣០០គ្រួសារ នៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងរង់ផលប៉ះពាលដោយទឹកជំនន់ ដែលគ្រួសារខ្លះ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ឆ្លើយតបនឹងបញ្ហាប្រឈមទាំងអស់នេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្ដម សៀង ណាំ
និងលោកជំទាវ និងឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក៏បាននាំអំណោយសង្គ្រោះបន្ទាន់ ចែកជូនគ្រួសារ រងគ្រោះទាំងនោះ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្ដម សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្ដម ង៉ោ ប៊ុនថាន តំណាងឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំង ការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំង ១.៣០០គ្រួសារ នៅខាងមុខ វត្តឥន្ធកោសី ហៅវត្តកោះជ្រូក ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គូសបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ កម្ពស់ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម មានកម្ពស់ ១៥,៧៥ម៉ែត្រ ដែលហក់ឡើងលើសកម្រិត ត្រូវប្រកាសអាសន្ន ត្រឹមតែ ១៥,២០ម៉ែត្រ ប៉ុណ្ណោះ ដែលធ្វើឲ្យក្រុង ស្រុក ចំនួន ៦ ប្រឈមទៅនឹងគ្រោះធម្មជាតិនេះ ។ ក្រៅពីនោះ យើងក៏បានធ្វើការជម្លៀសប្រជាពលរដ្ឋរងគ្រោះមួយចំនួន ទៅកាន់ទីទួលសុវត្ថិភាព ហើយយើងក៏បានជួយអន្តរាគមន៍រុះរើផ្ទះប្រជាពលរដ្ឋ ប្រឈមទៅនឹងការបាក់ស្រុតច្រាំង មួយចំនួន ផងដែរ ។ មកដល់ពេលនេះ ក៏មានប្រជាពលរដ្ឋចំនួន ០៤នាក់ ហើយដែរ ដែលរងគ្រោះបាត់បង់ជីវិត ដោយសារលង់ទឹក ផងដែរ ។
ទេសរដ្ឋមន្ដ្រី គន់ គីម បានឲ្យដឹងថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ១.៣០០គ្រួសារនេះ គឺជាការឧបត្ថម្ភរបស់ ឯកឧត្ដម សៀង ណាំ និងលោកជំទាវ និងឯកឧត្ដម វេង សាខុន ដែលជាប្រធានគណៈពង្រឹងស្រុកកំពង់សៀម និងឃុំកោះសំរោង ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងប្រុងប្រយ័ត្ន ចំពោះ សត្វអាសិរពិស ជាពិសេស ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាព ចំពោះ កូន ចៅ ដោយជៀសវាងមានគ្រោះថ្នាក់ កើតឡើងជាយថាហេតុ ខណៈដែលកម្ពស់ទឹក នៅតែបន្តហក់ឡើងនោះ ។ ក្រៅពីនោះ ក៏សូមអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋានយកចិត្តទុកដាក់ និងជួយអន្តរាគមន៍ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ឲ្យទាន់ពេលវេលា ។
សូមបញ្ជាក់ផងដែរថា អំណោយរបស់ ឯកឧត្ដម សៀង ណាំ និងលោកជំទាវ និងឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចែកជូនប្រជាពលរដ្ឋទាំង ១.៣០០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២០គ.ក្រ ត្រីខ ១យួរ មី ៤កញ្ចប់ និងនំប៉័ង ១ដើម ផងដែរ ។
ស្ថិតក្នុងឱកាសនោះដែរ ក្នុងនាមប្រជាពលរដ្ឋ ដែលទទួលបានអំណោយនាពេលនេះ លោកមេឃុំកោះសំរោង ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចប្រធានកាកបាទក្រុកម្ពុជា តាមរយៈ ឯកឧត្ដម សៀង ណាំ និងលោកជំទាវ និងឯកឧត្ដម វេង សាខុន ហើយបានចូលរួមចំណែកដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកកំពង់សៀម ជាពិសេស បងប្អូនប្រជាពលរដ្ឋ ទាំង ១.៣០០គ្រួសារ នាពេលនេះ ៕





































