កំពង់ចាម: ករណីអាងហែលទឹកសិប្បនិមិត្ត ដែលបានដាច់ខ្សែរសាត់ទៅទើនៅគល់ស្ពានកោះប៉ែន ក្នុងសង្កាត់សំបូរមាស ក្រុង
កំពង់ចាម ត្រូវបានប្រធានគណៈបញ្ជាការឯកភាពខេត្ត អ៊ុន ចាន់ដា ចាត់តាំងឲ្យកម្លាំងអាជ្ញាធរ អូសយកចេញពីកន្លែងកេីតហេតុបានសម្រេចហើយ នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។
អាជ្ញាធរបានឲ្យដឹងថា ការដែលអូសអាងហែលទឹកសិប្បនិម្មិតដ៏ធំ ចេញពីគល់ស្ពានកោះប៉ែននេះទៅបាន ដោយកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ប្រើប្រាស់សាឡង់ ចំនួន០៥គ្រឿង ទេីបធ្វើការអូសទាញ អាងហែលទឹកសប្បនិមិត្ត ចេញពីកន្លែងកេីតហេតុនោះ បានចម្ងាយប្រមាណជា២០ម៉ែត្រ និងបានចងផ្អោបទៅនឹងដើមអំពិលទឹកជាបណ្ដោះអាសន្ន ដេីម្បីរងចាំឱកាសល្អធ្វើការអូសទាញចេញបន្ត ព្រោះបច្ចុប្បន្នល្បឿនខ្សែទឹកកំពុងតែហូរខ្លាំង។
គួររំលឹកផងដែរថា បន្ទាប់ពីទទួលបានពត៌មាន អាងហែលទឹកសិប្បនិម្មិតដ៏ធំ១កន្លែង ដែលមានទំហំ៦០ម៉ែត្រ ទទឹង២២ម៉ែត្រ និងកម្ពស់ ៣ម៉ែត្រ ស្ថិតសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានដាច់ខ្សែហើយរសាត់តាមទឹក ទៅទើរជាប់នៅចំណុច គល់ស្ពានកោះប៉ែន ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីវេលាម៉ោង៧និង២០នាទី យប់ថ្ងៃទី៩ ខែកញ្ញានេះភ្លាមៗ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកឧត្ដមសេនីយ៍ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម បានបញ្ជាកម្លាំងអន្តរាគមន៍ ដើម្បី អូសអាងទឹកនោះ ចេញពីតំបន់កើតហេតុនោះ ៕




































