កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និង
អាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជន់លិចកំណាត់ផ្លូវលេខ៧១C(២២២ចាស់)ស្រុកស្ទឹងត្រង់-ស្រុកចំការលើ ដែលទឹកហូរលិចផ្លូវចំនួន០៤កន្លែង ពីចំណុចទំនប់ត្រួយជន្លុះទៅដល់ចំណុចទួលពោធិ៍ ភូមិទួលពោធិ៍ ឃុំព្រែកកក់ ហេីយបានបន្តដំណេីរចុះពិនិត្យការដ្ឋានជួសជុលស្ពានដីលេីទួលរកា ដែលរងការបាក់សសរទ្រស្ពានមួយកន្លែង នៅភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ ក៏ដូចជាកងកម្លាំងសមត្តកិច្ច ត្រូវទប់ស្កាត់រថយន្តធន់ធ្ងន់មិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់លើកំណាត់ផ្លូវដែលទឹកជំនន់បានជន់លិចនោះឡេីយ ។
ដោយឡែកនារសៀលថ្ងៃដដែលនោះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានបន្តដឹកនាំមន្រ្តីពាក់ព័ន្ធ អញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយគ្រោះទឹកជំនន់ ដែលបានជម្លាសពួកគាត់ និងសត្វពាហនៈមកស្នាក់នៅលើទទួលសុវត្តិភាព ស្ថិតនៅក្នុងភូមិ កំពង់សំណាញ់ ឃុំមាន ស្រុកព្រៃឈ សរុប ១២២ គ្រួសារ ស្មើនឹង ៥២៣ នាក់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារទ្រព្យសម្បត្តិ សុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។ ក្នុងករណីមានបញ្ហាសូមទំនាក់ទំនងមកអាជ្ញាធរ សមត្ថកិច្ចដេីម្បីអន្តរាគមន៍សង្រ្គោះបានទាន់ពេលវេលា។
យោងតាមរបាយការណ៍របស់ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ចាប់គិតត្រឹមព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានហក់ឡើងកម្ពស់១៥.៧៥ម៉ែត្រ បេីប្រៀបធៀបនឹងថ្ងៃម្សិលមិញកេីនឡេីង០.០២ម៉ែត្រ ដែលខ្ពស់ជាងកំរិតប្រកាសអាសន្ន១៥.២០ម៉ែត្រ ដោយឡែកឆ្នាំ២០១៨កន្លងទៅទឹកមានកម្ពស់១៤.៦៦ម៉ែត្រ ៕




































