ព្រះវិហារ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ
ជូនដល់ប្រជាពលរដ្ឋចំនួនពីរភូមិស្មើនឹង៥៨៧គ្រួសារ ក្នុងស្រុកគូលែន ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។ ពិធីនេះស្ថិតក្រោមវត្តមានចូលរួមពីសំណាក់ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាននៃស្រុកគូលែនផងដែរ។
បញ្ជាក់ជូនទៅកាន់ប្រជាពលរដ្ឋ ឯកឧត្តម ប្រាក់ សូវណ្ណ បានថ្លែងថា ក្នុងយុទ្ធនាការអនុវត្តនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីកន្លងទៅគឺជាជំហានមួយថ្មី នៃកំណែទម្រង់ដីធ្លីដ៏ស៊ីជម្រៅដើម្បីដោះស្រាយស្ថានភាពនៃការកាន់កាប់ដីធ្លី ឲ្យមានសុវត្ថិភាពរឹងមាំធ្វើឲ្យកសិករមានដីកសិកម្មដើម្បីធ្វើអាជីវកម្មលើកកម្ពស់ជីវភាពរស់នៅ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
តាមរបាយការណ៍របស់មន្ត្រីរៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តបង្ហាញ ឲ្យឃើញថាសម្រាប់ខេត្តព្រះវិហារយើងបានចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនបងប្អូនប្រជាពលរដ្ឋចំនួន១៨៥៥៨គ្រួសារស្មើនឹង៣០៩៦៦ក្បាលដីស្មើនឹងទំហំ៦០០៦១ហិតារួចមកហើយ។
ឯកឧត្តម បានបន្តទៀតថា នៅរសៀលថ្ងៃនេះពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៧៤៤ក្បាលដីដែលមានទំហំ៤១១៤៧ហិកតា ជូនប្រជាពលរដ្ឋចំនួន៥៨៧គ្រួសារ ក្នុងនោះ៖ភូមិស្របាលចំនួន៣៨២ក្បាលដី ដែលមានផ្ទៃដីទំហំ១២៩៩៣ហិកតា ជូនប្រជាពលរដ្ឋចំនួន៣២២គ្រួសារ និងភូមិឈូកចំនួន៣៦២ក្បាលដី ដែលមានផ្ទៃដីទំហំ២៨១៥៤ហិកតាជូនប្រជាពលរដ្ឋចំនួន២៦៥គ្រួសារផងដែរ។
នៅក្នុងឱកាសនោះដែរឯកឧត្តមបានធ្វើការ ផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លី គឺពិតជាធ្វើឲ្យដីក្លាយជាទ្រព្យដ៏មានតម្លៃដើម្បីប្រើប្រាស់សម្រាប់ការទទួលបានទុនពីធនាគារដើម្បីយកមកអភិវឌ្ឍជីវភាពរស់នៅនិងផលប្រយោជន៍ខាងផ្លូវច្បាប់ជាច្រើនផ្សេងទៀត។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនេះត្រូវ បន្តអាជីវកម្មឬបង្កបង្កើនផលលើដីនេះប្រសើរជាងការលក់ដីដែលអាចទទួលបានផលតែម្ដងហើយនឹងបាត់បង់ផលនោះជារៀងរហូតមានន័យថាបើមិនចាំបាច់ទេសូមបងប្អូនកុំលក់ដីហើយត្រូវរក្សាទុកដីនេះឲ្យបានគង់វង្សនិងសុវត្ថិភាព។ហើយចំពោះករណីការចូលទន្ទ្រានដីរដ្ឋ បោះបង្គោលលើដីរដ្ឋថ្មីៗត្រូវហាមឃាត់ជាដាច់ខាត។
លោក សំ សារឿន ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់នឹងសូរិយោដីខេត្តព្រះវិហារបានឲ្យដឹងដែរថាសម្រាប់ការចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺមានរយៈពេល៣០ថ្ងៃគិតចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ លោកមានសង្ឃឹមយ៉ាងមុតមាំថា ក្នុងរយៈពេល៣០ថ្ងៃនេះគឺជាពេលដ៏មានសារៈសំខាន់បំផុតគ្រប់ស្ថាប័នរដ្ឋឯកជនព្រមទាំងបងប្អូនប្រជាពរដ្ឋដែលបានចុះបញ្ជីដីធ្លីក្នុងតំបន់វិនិច្ឆ័យនេះសូមចូលរួមទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឲ្យបានគ្រប់ៗគ្នា៕សួនលីណា




































