ខេត្តកំពង់ធំ ប្រជាពលរដ្ឋមានជីវភាពទីទ័លក្រចំនួន៥គ្រួសារ រស់នៅភូមិបេង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានទទួលការអាណិតអាសូ និងបានជំនួយឧបត្ថម្ភពីឯកឧត្ដមឧត្ដមសេនីយ៍ឯកបណ្ឌិតហ៊ុន ម៉ាណែត ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។
ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បន្ទាប់ពីបានទទួលបានពត៌មានពីប្រធានភូមិ អំពីការលំបាកខ្វះខាតក្នុងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ចុះទៅមូលដ្ឋានផ្ទាល់ ដើម្បីនាំយក អំណោយ ឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រទាំង៥គ្រួសារ។
ឯកឧត្តមសោម ស៊ុន បានបញ្ជាក់ថា ជីវភាពលំបាកខ្វះខាតរបស់ លោកយាយ លោកតាខ្លះ គាត់រស់នៅតែឯងគ្មានកូនគ្មានចៅ មេីលថែរក្សា ហើយមានជម្ងឺប្រចាំកាយ ររស់នៅសព្វថ្ងៃបានអ្នកជិតខាងផ្ដល់អាហារសម្រាប់បរិភោគ នៅក្នុងឱកាសចុះសួរសុខ ទុក្ខ និងលើកទឹកចិត្តនេះ ក្រុមការងារ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជូនអំណោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥ គីឡូក្រាម មីយើងចំនួនមួយកេស ទឹកត្រីទឹកសុីអុីវចំនូន២យួរ និងថវិកាមួយចំនួនផងដែរ ។
លោកតាលោកយាយទាំង៥ នាក់ មានចិត្តរំភើបរីករាយ ដោយបាន ឃើញពីការ យកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ក្នុងការជួយដោះស្រាយសម្រាលដល់ការលំបាកខ្វះខាតជូនគាត់ និង បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំដែល បានចុះជួយប្រជាពលរដ្ឋគ្រប់ទិសទី ដែលមានការលំបាក និងសូមគាំទ្ររាជរដ្ឋាភិបាល ឲ្យសម្តេចតេជោហ៊ុនសែនបន្តធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តទៀត។
ដោយ ប៊ុនរដ្ឋា




































