”
ខេត្តព្រះសីហនុ ប្រតិភូគណ:កម្មការទី១ នៃព្រឹទ្ធសភាកម្ពុជាជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ សំដៅឈ្វេងយល់ពីការអភិវឌ្ឍ,បញ្ហាប្រឈម និងកង្វល់របស់ប្រជាពលរដ្ឋតាមមូលដ្ឋានផងដើម្បីរកគន្លឹះជួយដោះស្រាយអោយកាន់តែប្រសើរថែមទៀត”
សវនាការនេះធ្វើឡើងនៅព្រឹកថ្ងៃចន្ទថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នៅ សាលាខេត្តព្រះសីហនុ ក្រោមវត្តមានឯកឧត្តម ខៀវ មុត ប្រធានស្តីទីគណ:កម្មការទី១ នៃព្រឹទ្ធសភា និងលោក ម៉ាង ស៊ីណេត អភិបាលស្តីទី នៃគណ:អភិបាលខេត្តព្រះសីហនុ។
លោក អភិបាលស្តីទី គូសបញ្ជាក់ថា កត្តាសក្តានុពលរបស់ខេត្តព្រះសីហនុ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥នៃរដ្ឋាភិបាលផង បានជម្រុញអោយខេត្តព្រះសីហនុ ទទួលបានផ្លែផ្កានៃការអភិវឌ្ឍយ៉ាងលឿនគួរជាទីមោទនៈ។ជីវភាពប្រជាជននៅបានប្រសើរឡើងហើយអត្រានៃភាពក្រីក្របានធ្លាក់ចុះផងដែរ។
ការអភិវឌ្ឍពហុវិស័យបាននឹងកំពុងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត ឱ្យមានភាពរីកចម្រើនជាលំដាប់។
ទោះជាបែបនេះក្តីបញ្ហាប្រឈមមួយចំនួនកំពុងកើតមានផងដែរ ដូចជា ហេដ្ឋារចនាសម្ពន្ធ័ ទឹក ភ្លើង ផ្លូវ ចរាចរណ៍និងធនធានមនុស្សជាដើម…ហើយថ្នាក់ដឹកនាំកំពុងរួមគ្នាដោះស្រាយដើម្បីធានាការអភិវឌ្ឍមួយប្រកបដោយសក្តានុពលនិងចីរភាព។ក្នុងនោះថវិកាពិសេសចំនួន២០០លានដុល្លារគ្រោងនឹងបញ្ចេញដើម្បីស្តារធ្វើអោយប្រសើរឡើងវិញនូវប្រពន្ធ័ហេដ្ឋារចនាសម្ព័ន្ធនៅក្រុងព្រះសីហនុ។
លោក ម៉ាង ស៊ីណេត បញ្ជាក់ថា បច្ចុប្បន្ន
ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ច៥កំពុងដំណើរការ មានរោងចក្រ សហគ្រាស ធំ-តូច ២១១កន្លែង, សិប្បកម្មចំនួន ១.០៣៧កន្លែង និងអាជីវកម្មផ្សេងៗជាច្រើនទៀត។បានផ្តល់ការងារជូនពលរដ្ឋ ប្រមាណ៩១.០៨៩នាក់ ស្រី ៤១.២៥៩ នាក់ ក្នុងនោះពលកម្មបរទេស ២៨.៨០៩នាក់។ វិនិយោគិនចិននៅលំដាប់លេខ១ ដែលបានមករកស៊ី និងវិនិយោគលើវិស័យ ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ និងទេសចរណ៍…។ល។
ឯកឧត្តម ខៀវ មុត ប្រធានស្តីទីគណៈកម្មការទី១ នៃព្រឹទ្ធសភា មានប្រសាសន៍ថា ប្រតិភូមកបំពេញទស្សនកិច្ចខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិរុទ្ធជននៅតាមពន្ធនាគារ ប្រព័ន្ធតុលាការ និងកង្វល់ប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ បញ្ហាប្រឈម ការអភិវឌ្ឍនៅតាមមូលដ្ឋាន ព្រមទាំងប្រមូលពត៌មាន និងពាំនាំកង្វល់ និងបញ្ហាប្រឈមនានា ដើម្បីរាយការណ៍ជូនប្រធានព្រឹទ្ធសភា។
ឯកឧត្តម បានជម្រុញមន្ត្រីតាមមូលដ្ឋាន បន្តពង្រឹងការដោះស្រាយបញ្ហានានាជូនប្រជាជន។ ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាភ្នែកច្រមុះ និងជាសេនាធិការឱ្យរដ្ឋបាលក្រុង ខេត្ត និងរាជរដ្ឋាភិបាល បន្តពង្រឹងអភិបាលកិច្ចល្អនៅតាម ឃុំ សង្កាត់ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។
ឯកឧត្តម សង្ឃឹមថា ខេត្តព្រះសីហនុនឹងមានការអភិវឌ្ឍឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអនាគត។




































