ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងមន្ត្រី អាវុធហត្ថ ព្រមទាំងពុទ្ធបរិស័ទបានមូលមតិគ្នាជាឯកច្ឆ័នបានចូលរួមកាន់បិណ្ឌវេនទី៣នៅវត្តសមាធិផល ស្ថិតនៅក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនាល្ងាច ថ្ងៃទី១៥និងព្រឹកទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ។
លោកអាចារ្យប្រាក់សុភ័តមានប្រសាសន៍ថាភ្ជុំបិណ្ឌគឺជាបុណ្យធំជាងគេក្នុងចំណោមបុណ្យធំៗជាប្រពៃណីខ្មែរច្រើនទៀតដែលប្រជាពលរដ្ឋបានគោរពបូជាឥតខ្ចោះនៅក្នុងប្រទេសកម្ពុជាយើងនេះ។បុណ្យភ្ជុំបិណ្ឌនេះគេចាប់ផ្តើមធ្វើវេនបុណ្យទី១នៅថ្ងៃទី ១៣ខែកញ្ញាឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៨ខែ កញ្ញា ឆ្នាំ២០១៩ ជាថ្ងៃបិណ្ឌធំបញ្ចប់កម្មវិធីភ្ជុំបិណ្ឌនេះតែម្តង។លោកអាចារ្យបានមានប្រសាសន៍បញ្ជាក់ទៀតថាភ្ជុំបិណ្ឌនេះវាមានសារៈសំខាន់ណាស់ព្រោះពុទ្ធបរិស័ទខ្មែរមានជំនឿទៅលើព្រះពុទ្ធសាសនាព្រោះបុគ្គលដែលបានស្លាប់ទៅរម៉ែងកើតនៅទីឋានផ្សេងៗពីគ្នាអ្នកខ្លះមានកម្មដូច្នេះប្រជាពលរដ្ឋខ្មែរមានទម្លាប់ធ្វើចង្ហាន់និងចំណីអាហារជាច្រើនមុខយកទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន ។
ក្នុងពិធីវេនទី៣នោះមានអង្គភាពអាវុធហត្ថនិវពុទ្ធបរិស័ទប្រជាជនបានបូជាទៀនធូបផ្កាភ្ញីចំពោះ ព្រះរតនត្រៃសមាទានសីល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លានិសង្សជូនទៅដល់វិញ្ញានក្ខន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រីបោន ប៊ិន បានមានប្រសាសន៍ថាការធ្វើបុណ្យកាន់បិណ្ឌនេះដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបី
ឃ្លៀងឃ្លាតឡើយ។ក្នុងនោះលោកឧត្តមសេនីយ៍ត្រី បានបួងសួងដល់វត្ថុសក្តសិទ្ធក្នុងលោកជួយដល់មន្ត្រីរាជការរដ្ឋបាលខេត្តកងកំលាំងប្រដាប់អាវុធទាំង៣ស្ថាប័ន្ធនិងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងអស់សូមឲ្យជួបសេចក្តីសុខសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូតទៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។បញ្ចប់កម្មពិធីបុណ្យលោកឧត្តមសេនីយ៍ត្រីបោនប៊ិនបានប្រគេនបច្ច័យចំនួន ដល់ព្រះចៅអធិការវត្តដើម្បីយកទៅចាត់ចែងកសាងក្នុងវត្តបន្ត៕ដោយ៖ឃិន គន្ធា




































