សមត្ថកិច្ចខណ្ឌសែនសុខ ឆ្មក់បង្ក្រាបហាង អ័រគីដេ ម៉ាស្សា និងស្ប៉ា បង្កប់សេវផ្លូវភេទ ឃាត់ខ្លួនមនុស្ស៣៧នាក់!

0

 

ភ្នំពេញ៖  កម្លាំងសមត្ថកិច្ច នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះប្រតិបត្តិការស្រាវជ្រាវ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ដោយមានការសម្របសម្រួលពីលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានបើកប្រតិបត្តិការចុះបង្ក្រាប ទីតាំងហាង អ័រគីដេ ម៉ាស្សា និងស្ប៉ា ដែលល្បីថា បង្កប់សេវផ្លូវភេទ ក្នុងខណ្ឌសែនសុខយូរមកហើយ។

ប្រតិបត្តិការ ចុះបង្ក្រាបនេះ បានធ្វើឡើងចំណុចហាង អ័រគីដេ ម៉ាស្សា និងស្ប៉ា នៅតាមបណ្តោយផ្លូវ ១៩៨៦ ផ្ទះលេខC១៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សចំនួន៣៧នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិអំពើសញ្ចារកម្ម ក្នុងនោះមាន៖ អ្នកគ្រប់គ្រង៣នាក់, បុគ្គលិកធម្មតា៤នាក់, សន្តិសុខម្នាក់, នារីម៉ាស្សា២៣នាក់ (សង្ស័យជាអនីតិជនចំនួន២នាក់) និងភ្ញៀវ៦នាក់។

ប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្របសម្រួលពីលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា ទីតាំងហាងម៉ាស្សា មានបន្ទប់សម្រាប់ម៉ាស្សាសរុបចំនួន២៧បន្ទប់ ចំពោះតម្លៃសេវារួមភេទដោយប្រើដៃ មានចាប់ពី៣០ដុល្លារឡើងទៅ និងរួមភេទចាប់ពី៥០ដុល្លារឡើងទៅ។ លុយដែលទទួលបានពីភ្ញៀវនោះ មួយចំនួនត្រូវបានចែកទៅឲ្យមេការ ភេទប្រុស០៣នាក់ ដែលជាជនជាតិខ្មែរ។

សមត្ថកិច្ចជំនាញ បានបន្តទៀតថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវ ស៉ើបអង្កេតជាច្រើនថ្ងៃ រហូតដល់ស៉ីជំរៅ បានចុះប្រតិបត្តិការទៅឃាត់ខ្លួនមេការគ្រប់គ្រងចំនួន០៣នាក់ និងនារីម៉ាស្សាចំនួន២៣នាក់ ភ្លាមៗតែម្ដង និងដកហូតវត្ថុតាងស្រោមអនាម័យមួយចំនួន នាំមកការិយាល័យជំនាញ។ ក្រោយបញ្ចប់ការសាកសួរ ចំពោះអ្នកដែលពុំពាក់ព័ន្ធ សមត្ថកិច្ចជំនាញអនុញ្ញាត ឲ្យត្រឡប់ទៅវិញជាធម្មតា។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួន បុរសមេការចំនួន០៣នាក់ជាបន្តអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកឯនារីបំរើសេវាម៉ាស្សា ត្រូវបានសមត្ថកិច្ចប្រគល់ជូន មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕