អាជ្ញាធរជាតិអប្សរារៀបចំកម្មវិធីអប់រំបរិស្ថានក្នុងឧទ្យានអង្គរនិងដាំកូនឈើ១០០០ដើមនៅមុខប្រាសាទអង្គរវត្ត

0

សៀមរាប៖ បញ្ហាបរិស្ថានគឺជារឿងសំខាន់នៅក្នុងតំបន់អង្គរ ដែលអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ជាទីបំផុតដើម្បីលើកតម្លៃសោភ័ណភាពក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក និងជាកត្តាមួយក្នុងការទាក់ទាញទេសចរ។ ដូច្នេះហើយ ជារឿយៗអាជ្ញាធរជាតិអប្សរាតែងតែណែនាំ បញ្ជៀបចំណេះដឹងបរិស្ថាន ចុះអប់រំផ្ទាល់នៅតាមសហគមន៍ និងនៅតាមប្រាសាទឱ្យប្រជាជន ព្រមទាំងទេសចរបានយល់ដឹង ហើយចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា។

ជាក់ស្តែងនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាបានរៀបចំកម្មវិធីអប់រំបរិស្ថាននិងដាំកូនឈើ១០០០ដើមនៅមុខប្រាសាទអង្គរវត្ត ក្រោមវត្តមានឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ព្រមទាំងមានការចូលរួមពីព្រះសង្ឃ មន្ទីរបរិស្ថាន អាជ្ញាធរមូលដ្ឋាន អ្នកលក់ដូរ មន្ត្រី បុគ្គលិក ពលករនៃអាជ្ញាធរជាតិអប្សរាប្រមាណជាង៥០០អង្គ/នាក់។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណងសំខាន់នៃការរៀបចំកម្មវិធីអប់រំបរិស្ថានថ្ងៃនេះ គឺដើម្បីបញ្ជៀបចំណេះដឹងផ្នែកបរិស្ថានដល់អាជីវករដែលលក់ដូរក្នុងតំបន់អង្គរឱ្យចេះវេចខ្ចប់និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ រួមទាំងឱ្យមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាដែលបម្រើការនៅតាមប្រាសាទ យកចំណេះដឹងពីបរិស្ថានដើម្បីណែនាំភ្ញៀវលើការថែរក្សាបរិស្ថានផងដែរ ព្រោះបរិស្ថានគឺសំខាន់ណាស់ទាំងក្នុងតំបន់អង្គរនិងការរស់នៅប្រចាំថ្ងៃ ដែលគ្រប់គ្នាត្រូវប្រកាន់ខ្ជាប់គោលការណ៍បរិស្ថានស្អាតជានិច្ច ហើយចូលរួមទាំងអស់គ្នាដើម្បីឱ្យតំបន់អង្គរ មានសណ្តាប់ធ្នាប់ល្អ បរិស្ថានល្អ ទើបអាចទាក់ទាញទេសចរឱ្យមកទស្សនាបានច្រើនកុះករ។

លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង បានមានប្រសាសន៍ថា នេះជាកិត្តិយសណាស់ដែលបានរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរាក្នុងកិច្ចការអភិរក្សផង និងបរិស្ថានក្នុងតំបន់អង្គរផង។ លោកជំទាវក៏បានផ្តោតសំខាន់ទៅលើអង្គរវត្ត គឺជាកន្លែងគោរពបូជាដ៏ស័ក្តិសិទ្ធិនិងជាបុរាណដ្ឋានបេតិកភណ្ឌពិភពលោក ដែលត្រូវចូលរួមថែរក្សាការពារទាំងសំណង់ប្រាសាទដ៏វិចិត្រនិងបរិស្ថានឱ្យបានល្អប្រសើរ។ ក្នុងនោះ លោកជំទាវក៏បានចូលរួមដាំកូនឈើដើម្បីលើកកម្ពស់បរិស្ថាននៅមុខប្រាសាទអង្គរវត្តផងដែរ។

ឯកឧត្តម យិត ចាន់ដារដ្ឋ ក៏បានលើកឡើងថា បញ្ហាបរិស្ថានក៏ជាកត្តាសំខាន់ដែលធ្វើឱ្យតំបន់ទេសចរណ៍អង្គរមានកំណើនទេសចរកើនឡើងនិងធ្លាក់ចុះ ហើយអ្វីៗទាំងអស់ គឺជាចំណែកនៃទំនួលខុសត្រូវរបស់អ្នកគ្រប់គ្នា ដើម្បីឱ្យបរិស្ថាននៅទីនេះស្អាត មិនមែនសម្រាប់តែអាជ្ញាធរជាតិអប្សរាតែម្នាក់ឯងឡើយ។ ទាក់ទងនឹងភាពស្រស់ស្អាតនៃបរិស្ថានក្នុងតំបន់អង្គរនេះដែរ អាជ្ញាធរជាតិអប្សរាក៏ធ្លាប់ទទួលបានវិញ្ញាបនបត្រពីស្ថាប័នធានាគុណភាពបរិស្ថានស្អាតពីប្រទេសជប៉ុនចំនួន៥ដងរួចមកហើយ ដែលបង្កើនទំនុកចិត្តដល់អ្នកមកទស្សនានៅតំបន់អង្គរ ហើយក៏សំណូមពរឱ្យគ្រប់ភាគីពាក់ព័ន្ធមានទាំងអ្នកលក់ដូរ អ្នកទេសចរ អ្នកបម្រើការងារក្នុងតំបន់អង្គរ បន្តការចូលរួមលើកកម្ពស់បរិស្ថានស្អាតជាបន្តទៅទៀត ដើម្បីឱ្យអង្គរនៅតែជាទិសដៅទស្សនាលេខ១និងបរិយាកាសល្អរហូតទៅ៕