ខេត្តកំពត បន្ទាប់ពីបានមើលឃើញនូវការលំបាកទាំងការធ្វវើចរាចរដឹកជញ្ជូនទំនិញក៏ដូចជាការធ្វើដំណើរឆ្លងកាត់រួមនឹងការឆ្លើយតបនូវសំណូមពរជាចាំបាច់របស់ប្រជាពលរដ្ឋ។ អាជ្ញាធរខេត្តកំពតបានជំរុញការអនុវត្តនូវគម្រោងការកសាងផ្លូវនិងស្ពានថ្មីដែលឆ្លងកាត់ដៃព្រែកកំពតស្ថិតក្នុងសង្កាត់ត្រើយកោះក្រុងកំពតដែលអាចនឹងត្រូវចាប់ដំណើរការកសាងឡើងនៅចុងឆ្នាំ២០១៩និងដើមឆ្នាំ ២០២០ខាងមុខនេះហើយ។
នេះបើផ្អែកតាមការអោយដឹងនៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៩ស្ដីពីកិច្ចពិភាក្សាផ្ដល់យោបល់ដោយចូលរួមពីសំណាក់ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធមួយចំនួនក្នុងខេត្តនិងអាជ្ញាធរក្រុងសង្កាត់ទាំង៥នៃក្រុងកំពត ក្រោមកិច្ចដឹកនាំអង្គប្រជុំរបស់ ឯកឧត្ដម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត។
ក្នុងកិច្ចប្រជុំនេះបានផ្ដោតជាសំខាន់លើការចូលរួមពិភាក្សាផ្ដល់មតិយោបល់ពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងនិងសង្កាត់ ស្ដីអំពីផលប៉ះពាល់នៃការអនុវត្តគម្រោងកសាងស្ពាននិងផ្លូវ ពិសេសបញ្ហាលំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅជាប់សង្ខាងផ្លូវនៃក្បាលស្ពានដែលត្រូវសាងសង់នេះ។
គម្រោងស្ពាននេះដែរគឺធ្វើឡើងពីបេតុងដែលមានទទឹង១០ម៉ែត្រ បណ្ដោយ៧៥ម៉ែត្រគឺជាគម្រោងប្រើប្រាស់ថវិកា របស់រាជរដ្ឋាភិបាលផ្ដល់តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូនដែលនឹងត្រូវចាប់ផ្ដើមកសាងនៅដើមឆ្នាំ២០២០ខាងមុខនេះ។ ដោយឡែក នៅក្នុងកិច្ចប្រជុំនេះដែរ ក៏នឹងបានពិភាក្សានូវបញ្ហាសំខាន់ៗមួយចំនួនរកនូវដំណោះស្រាយពីផលប៉ះពាល់ ដើម្បីចាប់ដំណើរការកសាងផ្លូវបេតុងថ្មីមួយខ្សែឡើងវិញបន្ថែមទៀតនៅចុងឆ្នាំ២០១៩នេះដែលផ្លូវនេះមានទទឹង១០ម៉ែត្រ ប្រវែង៧៦០ម៉ែត្រជាគម្រោងថវិការបស់រដ្ឋបាលខេត្តកំពតស្ថិតតាមបណ្ដោយស្ពានត្រើយកោះនេះដែលនឹងត្រូវកសាងថ្មីឡើងវិញផងដែរ ។ 
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះឯកឧត្ដមជាវ តាយអភិបាលខេត្តបានណែនាំជំរុញដល់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង សង្កាត់ សូមអោយរួមសហការគ្នាបានល្អ ដោយសិក្សាអោយបានច្បាស់លាស់ពីផលប៉ះពាល់ ដើម្បីធ្វើរបាយការណ៍ជាក់លាក់បញ្ជូនទៅថ្នាក់ជាតិអោយបានឆាប់រហ័ស នឹងដើម្បីបានដំណើរការកសាងស្ពានបេតុងនេះអោយបានហើយលឿនរហ័យដើម្បីសំរួលដល់ការធ្វើចរាចរជូនដល់ប្រជាពលរដ្ឋក្នុងតំបន់នេះក៏ដូចជាការដឹកជញ្ជូននូវទំនិញផ្សេងៗឆ្លងកាត់ផងដែរ។ ជាមួយឱកាសនោះដែរដើម្បីធ្វើអោយសោភ័ណភាព អានាម័យបរិស្ថានក្នុងក្រុងកំពតបានកាន់តែល្អប្រសើរត្រៀមលក្ខណៈអបអរពិធីបុណ្យសមុទ្រចុងឆ្នាំ២០១៩នេះឯកឧត្តមជាវ តាយអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរក្រុង សង្កាត់ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់អោយបានសស្រាក់សស្រាំបន្ថែមទៀត ដោយត្រូវឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងមូលដ្ឋានសង្កាត់នីមួយៗរបស់ខ្លួនផងដែរ។បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅក្នុងឱកាសនោះឯកឧត្ដម ជាវ តាយអភិបាលខេត្តរួមសមាជិកកិច្ចប្រជុំក៏បានអញ្ជើញចុះទៅពិនិត្យស្វែងយល់ អំពីស្ថានភាពផ្លូវ និងស្ពានដែលមានការខូចខាត ទ្រុឌទ្រោមដើម្បីធ្វើយ៉ាងណានៅក្នុងដំណាក់កាលនៃដំណើរការកសាងនេះធ្វើអោយប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់អោយបានរលូនផងដែរ។
គួរបញ្ជាក់ថា៖ ផ្លូវនិងស្ពានចាស់ដែលនឹងត្រូវដំណើរការជួសជុលកសាងថ្មីឡើងវិញនេះគឺជាស្ពាន
ប្រភេទដែកបាឡេ និងផ្លូវបេតុងដោយបានឆ្លងកាត់ក្នុងសង្កាត់អណ្ដូងខ្មែរ និងសង្កាត់ត្រើកោះក្រុងកំពត។ ហើយផ្លូវនិងស្ពាននេះមានសារៈសំខាន់ក្នុងការរួមចំណែកដល់ការធ្វើចរាចរនូវរថយន្តធុនធំដឹកទំនិញឆ្លងកាត់ក្នុងតំបន់នេះ។ប៉ុន្តែបច្ចុប្បន្នផ្លូវនិងស្ពាននេះមានស្ថានភាពដល់ដំណាក់កាលខូចខាតទ្រុឌទ្រោមយ៉ាងខ្លាំងដែលមិនអាចអោយរថយន្តដឹកទំនិញប្រភេទធុនធំឆ្លងកាត់បានឡើយ។ ដោយមើលឃើញពីសារៈសំខាន់និងការលំបាករបស់ប្រជាពលរដ្ឋក្នុងការឆ្លងកាត់អាជ្ញាធរខេត្តកំបតបានខិតខំជំរុញដើម្បីអោយការកសាងស្ពាននិងផ្លូវនេះបានសម្រេចបានឆាប់ៗខាងមុខនេះផងដែរ។




































