កំពង់ចាម: លោក ហេង វណ្ណី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើដល់សង្គមស៊ីវិល ដៃគូរអភិវឌ្ឍន៍ អង្គការ សមាគម សហជីព និងសហគមន៍ជាដើមបន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ពង្រឹងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង ដោយចូលរួមគាំទ្រដល់គោលនយោបាយ កំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ការស្នើសុំខាងលើនេះបានធ្វើឡើងនៅក្នុងឱកាសដែលលោក ហេង វណ្ណី អភិបាលរងខេត្តកំពង់ចាមចូលរួមបើកវេទិកាសន្ទនារវាងវេទិកា សម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ ក្រោមប្រធានបទការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលសំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល រួមទាំងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល ដៃគូរអភិវឌ្ឍន៍ អង្គការ សមាគម សហជីព និងសហគមន៍ជាដើមហើយពិធីនេះបានធ្វើឡើងនៅក្នុងសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ។
បន្ទាប់ពីការពិគ្រោះ សំនួរចម្លើយ និងផ្លាស់ប្តូរយោបល់ជាមួយនឹងអង្គការសង្គមស៊ីវិល សមាគម សហជីព សហគមន៍រួចមក លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីក៏បានធ្វើការបូកសរុប និងវាយតំលៃខ្ពស់ក្នុងការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តកំពង់ចាម ជាមួយអង្គការសង្គមស៊ីវិលដែលមានការសហការ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាសបញ្ហារួមគ្នា។ 
លោកមានប្រសាសន៍ថា លំហរនៃសង្គមស៊ីវិលក្នុងខេត្តកំពង់ចាមមានលក្ខណៈល្អប្រសើរពុំមានការរឹតត្បិត និងគំរាមកំហែងពីអជ្ញាធរនោះទេ ហើយត្រូវបន្តការសហការឲ្យបានល្អប្រសើរបន្តទៀត ក្នុងឆន្ទះស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក និងធ្វើអ្វីៗឲ្យត្រូវទៅតាមគោលដៅរបស់អង្គភាពខ្លួន ជៀសវាងបញ្ហាកើតឡើងដោយយថាហេតុ។ 
គួរបញ្ជាក់ថាតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតមកត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីមានចំនួនសរុប៥.៤៨៣។ ហើសម្រាប់ខេត្តកំពង់ចាមមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានចំនួនសរុប៣៧ផងដែរ ៕




































