ពិធីបើកការដ្ឋានស្ថាបនាទំនប់ក្រវាត់កំណាត់ផ្លូវជាតិលេខ៣៣A ចំណុចខាងត្បូងទីប្រជុំជន ផ្សាក្តាម

0

ខេត្តកែប តំបន់ផ្សាក្តាមក្នុងភូមិសាស្ត្រក្រុងកែប នៃកំណាត់ផ្លូវជាតិលេខ ៣៣A ចំណុចពី តំបន់ឆ្នេរលេខទឹក ដល់ផ្សាក្តាម គឺជាចំណុចនៃការឆ្លងកាត់របស់ភ្ញៀវទេសចរណដ៏មមារញឹកបំផុត នៃតំបន់ទេសចរក្រុងកែប ម្យ៉ាងជាតំបន់ដែលស្ថិតក្នុងគម្រោងផែនការវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត និងជាតំបន់ដែលស្ថិតក្នុងគម្រោកការអនុវត្តរយៈពេលមធ្យម នៃប្លង់គោលប្រើប្រាស់ដីក្រុងកែបនោះ នាព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានបើកការដ្ឋានសាងសង់ ទំនប់ក្រវាត់ទឹកសមុទ្រនៃកំណាត់ផ្លូវ៣៣អាហើយ ក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ កងកំលាំងទាំងបី និង ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ។
បើតាមរបាយការណ៍របស់លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកែប បានឲ្យដឹងថា៖ គម្រោងសាងសង់ផ្លូវក្រវាត់ការពារទឹកសមុទ្រមួយខ្សែនេះ ស្ថិតនៅក្នុងភូមិសាស្ត្រ ក្រុងកែប ត្រង់ចំណុច គ.ម ៧+៤០០ ចាប់ពីគ.ម 0+000 ដល់ គ.ម ០+២០០ ប្រវែងសរុប ២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលត្រូវចំណាយរយៈពេលសាងសង់ ១ ឆ្នាំពេញ។ លោកប្រធានបញ្ជាក់ថា ក្នុងគម្រោងការអនុវត្តរយៈពេលមធ្យមនៃតំបន់ផ្សារក្តាមនេះរួមមាន ពង្រីកឆ្នេរកំសាន្តនៅចំណុច ពងព្រះរាជដំណាក់អោយមានចំណត់រថយន្ត សួនច្បារលម្លែរកំសាន្ត សួកកុមារ ផ្សារាត្រី ទីលានសម្រាប់ភ្ញៀវទេសចរមកលំហែកំសាន្ត និងសេវាសម្រាប់ បម្រើវិស័យទេសចរណ៍ផ្សេងៗទៀត។
មានប្រសាសន៍លើកឡើងក្នុងឱកាសនោះ ឯកឧត្តម កែន សត្ថា អភិបាលខេត្ត កែបបញ្ជាក់ថា ផ្លូវពយព្រះរាជដំណាក់នេះ ត្រូវបានកែលំអរជាបន្តបន្ទាប់ ដើម្បីជួយកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ពិសេសបង្កើននៅសក្តានុពល ទេសចរសេដ្ឋកិច្ចរបស់ខេត្តកែប បន្ថែមទៀតផង ។ ឯកឧត្តមបន្តថា ការស្ថាបនាទំនប់ក្រវាត់នេះ គឺដើម្បីទប់ស្កាត់ពីរលកទឹកសមុទ្របោកបក់ ខ្លាំងៗ បណ្តាលអោយបាក់ដី ចូលសមុទ្រ ដែលជាហេតុធ្វើអោយខូចច្រាំងឆ្នេរផង និងពង្រីកទីតាំងសម្រាប់ជាចំណត់រថយន្ត និងកន្លែងកំសាន្តបន្ថែមនៃភ្ញៀវទេសចរណ៍ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក និងជូនពរ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនមន្ត្រីរាជការនិងប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ជួបតែសេចក្តីសុខចំរើនគ្រប់ៗគ្នា។