(កំពង់ធំ)÷ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានអញ្ជើញចូលរួមទិវាសន្តិភាពអន្តរជាតិលើកទី 17 មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង/ស្រុកកងកម្លាំងប្រដាប់អាវុធទាំង 3 លោកគ្រូអ្នកគ្រូ យុវជនសហភាពសហព័ន្ធយុវជន យុវជនកាយារិទ្ធ យុវជនកាកបាទក្រហម ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលប្រព្រឹត្តទៅថ្ងៃទី 21 ខែកញ្ញាឆ្នាំ 2019។
ឯកឧត្តម សុខ លូ បានបញ្ជាក់ថា:ទិវាសន្តិភាពអន្តរជាតិដោយកំណត់យកថ្ងៃ 21 ខែកញ្ញាជារៀងរាល់ឆ្នាំដើម្បីប្រារព្ធពីធីនេះនៅទូទាំងប្រទេសក្នុងគោលបំណងពង្រឹងឧត្តមគតិសន្តិភាពរបស់ប្រទេសជាតិនិងប្រជាជនទាំងអស់ក្នុងពិភពលោកសំដៅកាត់បន្ថយភាពតានតឹងដោយអំពាវនាវឲ្យគ្រប់ប្រជាជាតិនិងប្រជាជនទាំងអស់បញ្ឈប់អំពើហិង្សានិងភាពប្រទូសរ៉ាយដែលបង្កឲ្យមានការឈ្លោះប្រកែកគ្នា។ ដើម្បីបង្ហាញអំពីឆន្ទៈដ៏មោះមុតនិងការប្ដេជ្ញា ប្តូរផ្ដាច់របស់យើងក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការថែរក្សាសន្តិភាពក្នុងព្រះរាជាណាចក្រកម្ពុជានិងកសាងសន្តិភាពនៅក្នុងតំបន់និងពិភពលោកដែលជាបំណងប្រាថ្នារបស់មនុស្សជាតិជាពិសេសពលរដ្ឋកម្ពុជាចង់បាន។
ឯកឧត្តមបានបន្តទៀតថា សន្តិភាពដែលមានតម្លៃពុំអាចកាត់ថ្លៃបាននេះបានអនុញ្ញាតឲ្យប្រទេសជាតិនិងប្រជាជនទទួលបានមកវិញនូវឯករាជ្យភាពជាម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដមានសិទ្ធិសេរីភាពគ្រប់យ៉ាងមានការអភិវឌ្ឍសេដ្ឋកិច្ចព្រមទាំងវឌ្ឍនភាពសង្គម។ប្រជាជនទូទាំងប្រទេសទាំងអស់គាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់សកម្មភាព ល្បិចកល ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការអុជអាលរើសអើងពូជសាសន៍ដែលអាចបង្កហិង្សា ការបោះបោរ ការបំបែកបំបាក់សាមគ្គីភាពជាតិ។ ថ្នាក់ដឹកនាំទាំងអស់ត្រូវចុះពង្រឹងដល់មន្ត្រីរបស់ខ្លួនឲ្យទទួលស្គាល់ពីតួនាទីនិងភារកិច្ចខ្លួនឯងក្នុងការធ្វើការងារផ្សេងៗតាមអង្គភាពឬស្ថាប័ន។
ឯកឧត្តម សុខ លូ បានសង្កត់ធ្ងន់ទៅលើអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់និងផ្អែកតាមស្ថានភាពទឹកស្ទឹងនៅតែកំពុងកើនឡើងដល់ចំណុចដែលត្រូវប្រកាសប្រុងប្រយ័ត្ន។សូមឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ដែលអាចបង្កឱ្យមានការលិចលង់ទ្រព្យសម្បត្តិនិងបង្កឲ្យមានភាពគ្រោះថ្នាក់ដល់អាយុជីវិតក្នុងប្រការណាមួយជាពិសេសក្រុមជនងាយរងគ្រោះដូចជាក្មេងៗនិងចាស់ជរាជាដើម។ សូមអោយអាជ្ញាធរនៅតាមមូលដ្ឋានទាំងអស់បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ត្រៀមបម្រុងសម្រាប់ឆ្លើយតបទៅនឹងគ្រោះអាសន្ននិងអន្តរាគមន៍ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។