ប្រជាពុទ្ធបរិស័ទ អាចារ្យគណៈកម្មការវត្តគីរីទឹកធ្លាក់តេជោបុស្សស្បូវ សូមអំពាវនាវដល់សម្តេចទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោកលោកស្រី ទាំងក្នុងនិងក្រៅប្រទេសជួយកសាងទីវត្តនេះទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន

0

ព្រះវិហារ៖ ព្រះគ្រូចៅអធិការ អាចារ្យគណៈកម្មការវត្តគីរីទឹកធ្លាក់តេជោបុស្សស្បូវ រួមនឹងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត សូមធ្វើការអំពាវនាវទៅដល់សម្ដេចទ្រង់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទាំងក្នុងនិងក្រៅប្រទេសមេត្តាចូលរួមជួយកសាងនូវសមិទ្ធិផលនានា ក្នុងវត្តនេះឲ្យមានការរីកចម្រើន ទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដែលបច្ចុប្បន្ននៅកំពុងមានការខ្វះខាតយ៉ាងច្រើន ដើម្បីតម្កល់ទុកក្នុងវិស័យព្រះពុទ្ធសាសនា។ ព្រោះថាទីវត្តអារាម ក៏ជាកន្លែងមួយដែលមានសារៈប្រយោជន៍ដ៏សំខាន់នៅក្នុងការគោរពប្រណិប័តន៍ របស់ប្រជាជនខ្មែរគ្រប់រូប ពិសេសបានបង្ហាត់បង្រៀន អប់រំនិងព្រៀនប្រដៅឲ្យមនុស្សចេះធ្វើនូវអំពើល្អ។

ការអំពាវនាវនេះ បានធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក.ព.ស២៥៦៣ ត្រូវនិងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសដែលឯកឧត្តម លៀង លេង មេបញ្ជាការរងយោធភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងញាតិមិត្តជិតឆ្ងាយ បានដឹកនាំយកនូវទេវត្ថុ មានចង្ហាន់ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងវត្តគីរីទឹកធ្លាក់តេជោបុស្សស្បូវ រួមជាមួយឯកឧត្តម អស់លោកលោកស្រី និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ឬភ្ជុំបិណ្ឌ វេនទី៨លើកំពូលភ្នំដងរ៉ែក ស្ថិតនៅក្នុងភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន។ និងមួយចំណែកឧទ្ទិសដល់ដួងវិញានក្ខ័ន្ធ របស់ឥស្សរជន ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិ និងប្រជាជនពីរបបប្រល័យពូជសាសន៏ ប៉ុលពត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញាណក្ខ័ន្ធអ្នកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា វត្តគីរីទឹកធ្លាក់តេជោបុស្សស្បូវ (ហៅវត្តបុស្សស្បូវ) បានសាងសង់់ឡើងនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ លើផ្ទៃដីចំនួន១០ហិកតា ដោយមានព្រះសង្ឃគង់នៅចំនួន៨អង្គ បច្ចុប្បន្នទីអារាមមួយនេះ នៅមានការខ្វះខាតជាច្រើន៕សួនលីណា