ខេត្តកំពង់ធំ កិច្ចប្រជុំ ពង្រឹងតួនាទីភារកិច្ចក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាំង៩ចំនុច និងរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋជួបជុំក្រុមគ្រួសារសប្បាយរីករាយក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩។
កិច្ចប្រជុំនេះដែរ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានសមាសភាពក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ តំណាងយុវជនឃុំ តំណាងប្រជាការពារ នគរបាលប៉ុស្តិ៍ និងមេភូមិគ្រប់ភូមិទាំង ១៥ចំណុះឱ្យឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ សរុប ចំនូន៤៨នាក់។
កិច្ចប្រជុំ ក្នុងគោលបំណង
ត្រួតពិនិត្យការអនុវត្តន៍ភារកិច្ចដែលបានប្រគល់ក្នុងកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌរយៈពេលមួយសប្តាហ៍កន្លងមក និងប្រគល់ភារកិច្ចបន្តចាប់ពីពេលនេះរហូតដល់ថ្ងៃបញ្ចប់ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌដើម្បីអនុវត្តឲ្យកាន់តែមានប្រសិទ្ឋិភាព និងប្រសើរឡើង ។
ក្នុងអង្គជំនុំ បានបញ្ជាក់ថាមានភាពល្អប្រសើរ ដោយគ្មានការរំខានពីជនជ្រុលនិយម និងពួកអគតិមួយចំនួនដែលមានបំណងធ្វើសកម្មភាពល្មើសច្បាប់នៅតាមទីវត្តអារាមបានឡើយ ហើយប្រជាពលរដ្ឋបានចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រកបដោយសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា និងសប្បាយរីករាយ ។ 
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងនាមគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានថ្លែងការកោតសរសើរចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ និងប្រជាពលរដ្ឋយើង ដែលបានសហការគ្នាបានល្អ
និងបានសំណូមពរ អនុវត្ត ទី
១/. តាមដានត្រួតពិនិត្យមុខសញ្ញាដែលប៉ុនប៉ងប្រព្រឹត្តល្មើសច្បាប់ បង្កបញ្ហាដល់សន្តិសុខ និងសណ្ដាប់ធ្នាប់នៅមូលដ្ឋាន បំផ្លាញសេចក្តីសុខសាន្ត របស់ប្រជាជន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
២/. បង្កលក្ខណៈងាយស្រួល និងរក្សាឲ្យបានសន្តិសុខ សណ្ដាប់ធ្នាប់ជូនបងប្អូនយើងចំណាកស្រុក និងកម្មករដែលបានមកជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះឲ្យបានល្អប្រសើរ។
៣/. ចាត់តាំងវេន ក្រុមប្រចាំការ ដោយប្រើប្រាស់កម្លាំងសរុប នៅតាមទីវត្តអារាម ទីប្រជុំជន និងរមណីយដ្ឋាននានា នៅទូទាំងឃុំ និងចាត់តាំងក្រុមប្រចាំបញ្ជាដោះស្រាយសភាពការណ៍ផ្សេងៗនៅសាលាឃុំដេីម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។ ដោយ ប៊ុនរដ្ឋា




































