ខេត្តបាត់ដំបង៖ អំពើពុករលួយដ៍ធំសម្បើម ឃើញគួឲ្យញាក់សាច់បានកើតឡើងនិងកំពុងបន្ត កើតឡើងនៅមន្ទីរសុខាភិបាលខេត្តបាត់ដំបង ត្រូវបានមន្ត្រីមួយចំនួនអះអាងថា បញ្ហានេះបានធ្វើ ឲ្យរដ្ឋបាត់បង់ថវិការជាតិដោយឥតប្រយោជន៍ក្នុងមួយឆ្នាំៗដ៍ច្រើនសន្ធឹកសន្ធាប់ធ្លាក់
ទៅលើដៃមន្ត្រីសំខាន់ៗនៅក្នុងមន្ទីរមួយនេះ។ តាមប្រភពពីមន្ត្រីនៅក្នុងមន្ទីរសុខាភិបាល បានទំលាយឲ្យដឹងថា ប្រាក់គ្រប់ជំពូកនៅក្នុងមន្ទីរ សុខាភិបាលត្រូវបានគេឃុបឃិតគ្នាកឹបកេងតាំងពីសម័យអតីតប្រធានមន្ទីរលោក គុយ សុខ រហូតមកដលបច្ចុប្បន្នមានលោក វឿង ប៉ុនរ៉េត ជាប្រធានមន្ទីរនោះក៍នៅតែមានការ ប្រព្រឹត្តអំពើពុករលួយកឹបកេងថវិការជាតិដូចសម័យលោកអតីតប្រធានមន្ទីរគុយ សុខ ដដែល។
អំពើពុករលួយទាំងនោះតាមរយៈការត្រូវដងត្រូវផ្លែរវាងប្រធានមន្ទីរនិងប្រធានអនុប្រធានការិយាល័យគណនេយ្យដោយពួកគេធ្វើការបំប៉ោងលើតួលេខចំណាយនានាដូចជាការចំណាយលើប្រាក់បុរេប្រទាន ប្រាក់ទូទាត់ត្រង់ និងការឃុបឃិតជាមួយក្រុមហ៊ុនទទួលបានការផ្គត់ផ្គង់ សម្ភារៈនិងឪសថជូន ដល់មន្ទីរសុខាភិបាលនោះជាដើម។
ជាក់ស្តែងនៅឆ្នាំ២០១៣កន្លងទៅមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចំណាយថវិការលើជំពូក៦៥ អស់ចំនួន១,០១៨,៨៥០,០០០ រៀល ដោយក្នុងនោះចំណាយលើអាហារនិងសម្ភារៈអស់ចំនួន ៦៨៣,០២០,០០០រៀល ចំណាយលើប្រជាជនសម្រាកពេទ្យអស់ចំនួន១០៦,៣៥០,០០០រៀល ចំណាយលើទិញឪសថអស់ចំនួន២២៩,៤៨០,០០០រៀល ប៉ុន្តែការចំណាយទាំងនេះគឺមានភាព មិនប្រក្រតីយ៉ាងខ្លាំង តួយ៉ាងដូចជាការចំណាយទៅលើអាហាររបស់អ្នកជំងឺដែល សម្រាកព្យាបាល នៅតាមមន្ទីរពេទ្យបង្អែកដែលប្រើប្រាស់ថវិការអស់រហូតដល់ជាង ៦៨៣លានរៀល តើមាន ប្រជាពលរដ្ឋប៉ុន្មាននាក់ទៅ ដែលបានទទួលបានអាហារពីមន្ទីរពេទ្យ? ខណៈពេលអ្នកជម្ងឺម្នាក់ នៅពេលសម្រាកព្យាបាលក្នុង មន្ទីរពេទ្យបង្អែកក្នុងមួយថ្ងៃរដ្ឋបានផ្តល់របបអាហារ តម្លៃត្រឹមតែ២៥០០រៀល តើការចំណាយថវិការរហូតដល់ជាង ៦៨៣លានរៀល តើមានអ្នកជម្ងឺ ប៉ុន្មាននាក់និងសម្រាកក្នុងមន្ទីរពេទ្យបង្អែកម្នាក់ចំនួនប៉ុន្មានថ្ងៃ ទើបអាចចំណាយអស់ថវិការដ៍ច្រើន សម្បើមបែបនេះ? នេះមិនទាន់និយាយពីការចំណាយលើខ្ទង់ប្រាក់សម្រាប់ប្រជាជនសម្រាក ពេទ្យទៀតផង។
តាមប្រភពដដែលបានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដ៍ច្រើនលើលុបដែលចូលសម្រាក ព្យាបាលនៅតាមមន្ទីរពេទ្យបង្អែករបស់រដ្ឋនៅក្នុងខេត្តបាត់ដំបងគឺកំរមានអ្នកដែលទទួលបានអាហារពីមន្ទីរពេទ្យ ប៉ុន្តែសម្រាប់អ្នកជម្ងឺទាំងអស់នោះនៅពេលចូលសម្រាកព្យាបាល តែងតែត្រូវបានគេធ្វើ បញ្ជីឈ្មោះសម្រាប់ដកសាច់ប្រាក់យកមកចែកគ្នាចាយដោយឃុបឃិតគ្នារវាងប្រធានមន្ទីរប្រធានអនុប្រធានការិយាល័យគណនេយ្យនិងប្រធានការិយាល័យសុខាភិបាលស្រុកប្រត្តិបត្តរួមនិងប្រធានមន្ទីរពេទ្យបង្អែកទាំងអស់។
សម្រាប់អ្នកដែលទទួលបានផលប្រយោជន៍ពីអំពើពុករលួយនេះគឺ មានលោកអតីតប្រធានមន្ទីរ គុយ សុខ និងបន្តមកលោកប្រធានមន្ទីរ វឿង ប៊ុនរ៉េត រួមនិងលោកប្រធានការិយាល័យគណនេយ្យឈ្មោះអាំង ប៉ូរ៉ង់។ ចំណែកមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀតគឺទទួលបានផលប្រយោជន៍តាមឋានានុក្រម។ បើនិយាយអំពីអំពើពុករលួយនៅមន្ទីរសុខាភិបាលខេត្តបាត់ដំបងមានច្រើនករណីនិងច្រើនរូបភាព ហើយបញ្ហានេះបានកើតមានឡើងនៅសម័យលោក គុយ សុខ ជាប្រធានមន្ទីររហូតមកដល បច្ចុប្បន្នប្រធានមន្ទីរចាស់បានចូលនិវត្តន៍ ប៉ុន្តែរូបមន្តចាស់នៅបន្តកើតមានដល់លោក វឿង ប៊ុនរ៉េត ឡើងធ្វើជាប្រធានមន្ទីរថ្មី។