ឧត្ដមសេនីយ៍ទោសោម ស៊ុនបន្តបំពាក់ឯកសណ្ឋានជូនប្រជាការពារ និងផ្សព្វផ្សាយគោលនយោ​បាយភូមិឃុំមានសុវត្ថិភាព

0

កំពង់ធំ៖  ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម   ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរដែនដី និង នគរបាលប៉ុស្តរដ្ឋបាលឃុំ បំពាក់ឯកសណ្ឋានជូនប្រជាការពារ ដើម្បីបម្រើសកម្មភាព កិច្ចការសន្តិសុខ និងសុវត្តិភាពជូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយគោលនយោ​បាយភូមិឃុំមានសុវត្ថិភាព ទាំង៩ចំណុច របស់រាជរដ្ឋាភិបាល ពិធីនេះបានធ្វើនៅភូមិចន្លុះ  ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ  នៅល្ងាចថ្ងៃចន្ទទី២៣ខែកញ្ញា ឆ្នាំ២០១៩។

ពិធីបំពាក់ឯកសណ្ឋានជូនប្រជាការពារ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ ទោ សោម   ស៊ុន និងជាគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានអញ្ជើញសំណេះសំណាល សុខទុក្ខប្រជាពលរដ្ឋ ដោយភាពជិតស្និទ្ធ ក្នុងសេចក្តីត្រេតអរ ដោយការអាណិតស្រឡាញ់ពីសំណាក់ប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់ មានចិត្តសប្បាយរីករាយ ដោយដឹងគុណឯកឧត្តមសោម   ស៊ុន  ពីការយកចិត្តទុកដាក់ជួយដោះស្រាយគ្រប់បញ្ហាកន្លងមក ។

បន្ទាប់ពីលោកសូត្រ  អ៊ុល  មេឃុំបន្ទាយស្ទោង  បានបញ្ជាក់ពីសភាពការណ៍ទូទៅ ដែលកើតឡើង រួចមក   ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន  និងក្រុមការងារ បានបំពាក់ឯកសណ្ឋានចំនួន៦ សម្រាប់ជូនប្រជាការពារភូមិចំនួន៦ នាក់ ដើម្បីកិច្ចការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសក្នុង ឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ និងបានកោតសរសើរ ប្រជាការពារ ដែលបានតស៊ូការពារសន្តិសុខ ជូនប្រជាការពារ បើទោះបីគ្មានប្រាក់បៀវត្សប្រចាំខែក៏ដោយ ក៏បងប្អូនបានលះបង់ សេចក្តីសុខផ្ទាល់ខ្លួន  និងក្រុមគ្រួសារ  បម្រើប្រជាជន ដូចជានៅតាមវត្តអារាម ទីប្រជុំជន ក្នុងពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យ  ទានផ្សេងៗ  ។

ឧត្ដមសេនីយ៍ទោ សោម  ស៊ុន បានជំរាបជូនដល់បងប្អូនប្រជាពលរដ្ឋថា សូមបងប្អូនចង់ចាំថា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាង៤០ឆ្នាំនេះ បាននាំនូវសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ  បង្រួបបង្រួមខ្មែរប្រដាប់អាវុធតែមួយ   បានធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាព និងទទួលបានការអភិវឌ្ឍន៍ និងរីកចម្រើនគ្រប់វិស័យ ចាប់តាំងពីបាតដៃទទេ ដូច្នេះបងប្អូនទាំងអស់ ត្រូវចូលរួមរក្សាសន្តិភាពដែលបានមកនេះ ឲ្យមានសន្តិភាពជារៀងរហូត ដើម្បីប្រទេសយើងក្លាយជាប្រទេសជឿនលឿន ។

ដោយ ប៊ុន រដ្ឋា