អភិបាល​ខេត្ត​កំពង់ចាម​ ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ជំនន់​ និង​ការ​ស្ថាបនា​ផ្លូវ​ ក្នុង​ស្រុក​បាធាយ​ និង​ស្រុក​ជេីងព្រៃ​

0

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ និងអាជ្ញាធរមូលដ្ឋាន នៅ​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៩នេះ​ បាន​អញ្ជើញចុះពិនិត្យ​ស្ថានភាព​ទឹក​ជំនន់​ និង​គម្រោងជួសជុល ផ្លូវ១ខ្សែ ប្រវែង ៦,៥០​ គីឡូម៉ែត្រ​ ចាប់ពីចំណុច ភូមិជាលា ឆ្ពោះទៅកាន់ភូមិទួលចាន់ នៃឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ។

សូមបញ្ជាក់ថា គម្រោងផ្លូវខាងលើនេះជាប្រភេទផ្លូវក្រាលកៅស៊ូ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា​។
បើតាមការអះអាង របស់អាជ្ញាធរមូលដ្ឋាន ឲ្យដឹងថា មកដល់បច្ចុប្បន្ន គម្រោងនេះ បានស្ថាបនា ជាតួផ្លូវដីជាមុន ដើម្បី ឈានទៅក្រាលកៅស៊ូពីលើ ទៅតាមលក្ខណៈបច្ចេកទេស ។ ប៉ុន្ដែ ដោយសារទឹកជំនន់ ត្រូវបានផ្អាក ជាបណ្ដោះអាសន្ន។​

ជាមួយ​គ្នា​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្ត​កំពង់ចាម​ ក៏បាន​អញ្ជើញ​បន្ត​ដំណើរ​ ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST មួយខ្សែមានប្រវែង៤,៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ដែល​សម្រេច​បាន​ប្រមាណ​ជា​៥០%​ ផងដែរ​ ៕