រដ្ឋបាលខេត្តព្រះវិហារចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់អង្គភាពទ័ព នាឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងទិសទី១ប្រាសាទព្រះវិហារ

0

ព្រះវិហារ៖ គណៈប្រតិភូរដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្តម ប្រាក់ សុវណ្ណ គណៈអភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់អង្គភាពទ័ព ដែលឈរជើងប្រចាំការតាមបណ្តោយព្រំដែន កម្ពុជា.ថៃ ក្នុងទិសទី១ប្រាសាទព្រះវិហារ នាឱកាសបុណ្យភ្ជុំបិណ្ឌ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានលើកឡើងដោយបញ្ជាក់ថា ការចុះមកនាពេលនេះ ក្នុងគោលបំណងរឹតចំណងមេត្រីភាព សាមគ្គីភាព ប្រកបដោយទឹកចិត្តស្មោះស និងបរិសុទ្ធ ដែលស្តែងចេញ តាមរយៈការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទៅលើសុខទុក្ខកងកម្លាំងការពារព្រំដែន សំដៅថែរក្សា និងការពារឯករាជ្យ អធិបតី បូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងសន្តិសុខជាតិយ៉ាងរឹងមាំ មិនឲ្យកម្លាំងណាមករំលោភ បំពាន និងបំផ្លាញបានឡើយ។

ឯកឧត្ដមអភិបាលខេត្ត បានថ្លែងបន្តទៀតថា កងកម្លាំងឈរជើងជួរមុខ និងជួរក្រោយចំណុះកងពលធំអន្តរាគមន៍លេខ៣ តាមបណ្តោយព្រំដែនមានភារកិច្ចការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃ ឡាវ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ នឹងទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ ដែលជាឧបសគ្គរាំងស្ទះ ដល់ដំណេីរការអភិវឌ្ឍរបស់សង្គមជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុវណ្ណ គណៈអភិបាលខេត្ត បានថ្លែងបញ្ជាក់ថា សកម្មភាពសួរសុខទុក្ខនេះ បង្ហាញពីការផ្សាភ្ជាប់យ៉ាងជិតស្និត និងកក់ក្តៅរវាងថ្នាក់ដឹកនាំខេត្តដែលជាស្ថាប័នថ្នាក់ជាតិ ទៅកងកម្លាំងជួរមុខ និងជួរក្រោយ ក៏ដូចជាកងកម្លាំងតាមបណ្តោយព្រំដែន តែងតែសហការយ៉ាងជិតស្និទ្ធិ និងល្អប្រសេីរ រវាងអាជ្ញាធរខេត្ត ជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសកងកម្លាំងរបស់យើង ដែលជាខ្នងបង្អែកដ៏រឹងមាំ និងសំខាន់បំផុតមិនអាចខ្វះបាន ក្នុងការចូលរួម ការពារថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់និងសុខសន្តិភាពជូនជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕សួនលីណា