សៀមរាប= សាលាអន្តរជាតិ ស្មាធ-ឃីដ បានចាត់ទុកថា ការចែកវិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០១៨-២០១៩ ដល់សិស្សជិត២០០០នាក់ គឺជាជោគជ័យមួយ ក្នុងតម្លៃដែលរាជរដ្ឋាភិបាល បានទទួលស្គាល់វិស័យឯកជន គឺជាដៃគូអភិវឌ្ឍមិនអាចខ្វះបាន ជាមួយនឹងការប្រកាន់គោលជំហរ ( វិនិយោគលើវិស័យអប់រំ គឺមិនមែនជាការធ្វើអាជីវកម្ម ) !
នៅក្នុងពិធីចែកវិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០១៨-២០១៩ ដល់សិស្សជិត២ ០០០នាក់នេះ ដែលធ្វើឡើងនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ លោក ណាវ ចាន់ថា នាយកចាត់ការទូទៅ សាលាអន្តរជាតិ ស្មាធ-ឃីត មានប្រសាសន៍ថា ៖ ឆ្លើយតបទៅនឹងគុណតម្លៃ ដែលរាជរដ្ឋាភិបាលបានចាត់ទុកថា វិស័យឯកជនគឺជាដៃគូអភិវឌ្ឍមិនអាចខ្វះបាន ក្នុងដំណើរនៃការកសាង ពង្រឹងនិងពង្រីកវិស័យអប់រំសិក្សាធិការជាតិ សាលាអន្តរជាតិ ស្មាធ-ឃីដ បានផ្តោតជាសំខាន់ទៅលើមនសិកាវិនិយោគ ជាជាងការធ្វើអាជីវកម្មលើវិស័យអប់រំ និងបានអនុវត្តសមីការអប់រំរបស់សាលា ដែលចែងថា ( គុណភាពសិស្សជាធាតុផ្សំនៃចំណេះដឹង ចំណេះធ្វើ សីលធម៌ និងភាពមានទំនុកចិត្តលើខ្លួនឯង ) ។
លោកនាយកចាត់ការទូទៅរូបនេះ បានលើកឡើងយ៉ាងដូច្នេះ ស្របពេលសាលាអន្តរជាតិ ស្មាធ-ឃីត សម្រេចបានជោគជ័យ ក្នុងការផ្ទេរចំណេះដឹងឲ្យសិស្សប្រមាណជាជាង២ ០០០នាក់ ចាប់ពីអាយុ២ឆ្នាំកន្លះ ដល់១៨ឆ្នាំ ដែលកំពុងទទួលយកការសិក្សាក្នុងសាលានេះ ទាំង៣សាខានៅក្រុងសៀមរាប ហើយសិស្សប្រមាណជិត ២ ០០០នាក់ បានទទួលវិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០១៨-២០១៩ អមជាមួយដោយប័ណ្ណសរសើរ ក្នុងនោះក៏មានសិស្សឆ្នើមនិងសិស្សពូកែ បានទទួលអាហារូបករណ៍ បញ្ចុះតម្លៃសិក្សា ពី ១០% ដល់ ៣០% ផងដែរ ។
នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់សិស្សកុមាតូចៗ ជាភាសាខ្មែរ ភាសាចិន និងជាភាសាអង់គ្លេស វាជាការឆ្លុះបង្ហាញថា ពួកគាត់កំពុងបានទទួលការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន តាមសម៉ីការអប់រំរបស់សាលា ប្រកបដោយគុណភាព ។ ទាំងបីភាសា ពួកគាត់បង្ហាញថា ថ្ងៃនេះ គឺជាថ្ងៃដែលពួកគាត់ទន្ទឹងរង់ចាំ និងជាថ្ងៃដែលពួកគាត់បានឆ្លើយតបទៅនឹងការខិតខំរបស់គ្រូបង្រៀន ឆ្លើយតបទៅនឹងគុណូបការៈរបស់មាតាបិតា អាណាព្យាបាលរបស់ពួកគេ ដែលបានព្យាយាមនិងផ្តល់ឱកាសឲ្យពួកគេបានរៀនសូត្រចំណេះវិជ្ជា ។
វិញ្ញាបនបត្រនិងប័ណ្ណសរសើរ ដែលត្រូវចែកជូនដល់សិស្សជិត ២ ០០០នាក់នោះរួមមាន ៖ សិស្សបឋមសិក្សាចំណេះទូទៅភាសាខ្មែរ សិស្សកម្រឹតមុនមត្តេយ្យ ដល់ថ្នាក់ទី៤ ចំណេះទូទៅភាសាអង់គ្លេស និងសិស្សកម្រឹតថ្នាក់ទី១ ដល់ថ្នាក់ទី៤ ភាសាចិន ។ នៅក្នុងនេះ រួមមានជ័យលាភីសិស្សឆ្នើមប្រចាំសាលា និងសិស្សពូកែផងដែរ ៕ប៊ុនរិទ្ធី