អភិបាលខេត្តសៀមរាបជួបសំណេះសំណាលជាមួយមន្ត្រីរាជការ សាលាខេត្តសៀមរាប

0

សៀមរាបៈ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៩នេះ បានជួបសំណេះសំណាលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និង កិច្ចសន្យា ក្នុង ទីចាត់ការ អង្គភាពទាំង៦ នៃសាលាខេត្តសៀមរាប និង កម្មករ ក្នុងឱកាសរដូវកាលដែលប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យភ្ជំបិណ្ឌ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នៅសាលាខេត្តសៀមរាប ។
ក្នុងលក្ខណៈជាគ្រួសារតែមួយ នៃមហាគ្រួសារមន្ត្រីរាជការសាលាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ថា ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង កម្មករ សាលាខេត្ត អស់រយៈពេល១ឆ្នាំមកនេះ ធ្វើឱ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនៈក្រៃលែង ។ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តទៀតថា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមគោលនយោបាយឈ្នះៗ បានធ្វើឲ្យប្រទេសជាតិទាំង មូលទទួលបានសន្តិភាពពេញលេញ និង ធ្វើឱ្យសេដ្ឋកិច្ចជាតិ ប្រទេសជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។ ឯកឧត្តម ទៀ សីហា បានលើឡើងថា នេះជាប្រពៃណី របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា នៅក្នុងរដូវបុណ្យភ្ជំបិណ្ឌ បុណ្យចូលឆ្នាំដែលជាទំនៀមទំលាប់ប្រពៃណីជាតិម្តងៗ តែងតែធ្វើការជួបសំណេះសំណាលជា មួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារៀបច្បង និងបងប្អូនមន្ត្រីរាជការ កម្មករ សាលាខេត្តសៀមរាបទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកា ដើមី្បឲ្យបងប្អូនយកទៅប្រើប្រាស់ទៅតាមសេចក្តីតម្រូវការ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ ក្នុងការធ្វើនូវចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដើមី្បឧទិ្ទសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត លោកអ្នកមានគុណ ញ្ញាតិកាលប្រាំពីរសណ្តាន ដែលបានចែកឋានទៅ តាមរយៈព្រះសង្ឃជាស្រែបុណ្យ ព្រមទាំងសូមឲ្យវិញ្ញាណក្ខ័ន្ធអ្នកទាំងអស់បានទទួល និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយឲ្យបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ ។ ក្នុងនោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើការណែនាំមួយចំនួន និង ផ្តាំផ្ញើដល់មន្ត្រីរាជការ សាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និង មានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាជូនប្រជាជនឲ្យបានទាន់ពេលវេលា និង ធ្វើការគ្រប់គ្រងឲ្យបានល្អ ចំពោះមន្ត្រីក្រោមឱវាទនៃទីចាត់ការ អង្គភាពទាំង៦ និង មានការទំនាក់ទំនងល្អជាមួយ បណ្តាមន្ទីរ អង្គភាព និង ភ្ញៀវជាតិ អន្តរជាតិ ក្នុងការសម្រួលដល់ការទំនាក់ទំនង និង ផ្តល់សេវាទាន់ពេលជូនប្រជាពលរដ្ឋ ក្នុងគោលដៅ លុបបំបាត់នូវអំពើពុករលួយនៅតាមបណ្តាមន្ទីរ អង្គភាព និង សូមឲ្យប្រើប្រាស់នូវមួកសុវត្ថិភាព និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលបើកបរ សំខាន់នៅក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះផងដែរ ។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើ ការអំពាវនាវ ដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ ត្រូវរួមសាមគ្គីគ្នាឡើង ក្នុងការថែរក្សាបរិស្ថានអនាម័យនៅក្នុងក្រុងប្រវត្តិសាស្ត្រ មួយនេះ សំខាន់ចំពោះការវិចខ្ចប់ ទុកដាក់កាកសំណល់ (សម្រាម)ឲ្យបានល្អ ដោយពេលនេះជារដូវភ្លៀងធ្លាក់ ដែលបណ្តាល ឲ្យសម្រាមហូរធ្លាក់ចូលលូ ដែលធ្វើឲ្យស្ទះនូវចរន្តទឹកហូរមិនទាន់ បណ្តាលឲ្យទឹកលិចតាមដងផ្លូវ ក្នុងក្រុងសៀមរាបនេះ ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍ទៀតផង ។
ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត បានធ្វើការប្រគល់ថវិកាឧបត្ថម្ភ ជានិមិត្តរូប ដល់បណ្តាទីចាត់ការ អង្គភាពទាំង៦ និង តំណាងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងកម្មករផងដែរ ៕