រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​អភិបាល​ខេត្តកំពង់ចាម​ នាំយក​អំណោយ​មនុស្សធម៌​ចែក​ជូន​ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់១៧៧គ្រួសារ​ នៅ​ស្រុក​កោះសូទិន​

0

កំពង់ចាម: លោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ អមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចាម​ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ នារសៀល​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៩នេះ​ បានបន្តចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១៧៧ គ្រួសារ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា មកដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៩នេះ ស្ថានភាពទឹកជំនន់បានធូរស្រាលហើយ ព្រោះទឹក ស្រកនៅកម្រិត ១៣,២០ ម៉ែត្រ ប៉ុណ្ណោះ ។ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋយើងក៏បានវិលត្រឡប់ពីទីទួលសុវត្ថិភាពទៅកាន់ផ្ទះសម្បែងវិញជាបណ្ដើរៗហើយដែរ ។
លោក បន្តថា ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រោមការយក ចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាល បានផ្ដល់ជាអំណោយសង្គ្រោះបន្ទាន់ តាមរយៈ កាកបាទក្រហម និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាអំណោយ ពីខាងអង្គការ មនុស្សធម៌នានាចែកជូនបងប្អូនប្រជាពលរដ្ឋយើង ដើម្បីដោះទាល់បានមួយគ្រាផងដែរ ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ពេលវិលត្រឡប់ទៅកាន់លំនៅឋានវិញ សូមប្រុងប្រយ័ត្នចំពោះសត្វអសិរពិស វាអាចសម្ងំនៅ ក្នុងផ្ទះរបស់យើង ដែលបានទុកចោលក្នុងកំឡុងទឹកជន់លិចនោះផងដែរ ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារឹទ្ឋ បានមានប្រសាសន៍ផងដែរថា សូមឱ្យបងប្អូនប្រជាពលរដ្ឋ ពេលត្រឡប់ទៅកាន់លំនៅឋានវិញ សូមមានការប្រុងប្រយ័ត្នអំពីសុខភាព ជាពិសេសការរក្សាអនាម័យ គឺហូបស្អាតផឹកស្អាត និងមើលថែទាំចំ ពោះកុមារ ជៀសវាងការកើតជំងឺផ្សេងៗ ៕