ឯកឧត្តមឃួង ស្រេង អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅសាលប្រជុំទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ដែលមានតម្លៃជាង២ម៉ឺនដុល្លា

0

ព្រះវិហារ៖ សាលប្រជុំ១ខ្នង ទំហំទទឹង១៨ម៉ែត្រ×បណ្តោយ៤៨ម៉ែត្រ មានតំលៃសរុបចំនួន២.៧០៩០ដុល្លាអាមេរិច របស់អង្គភាពកងពលតូចអន្តរាគមន៍លេខ៩ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន។

ពិធីនេះបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង គណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ ដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចទាំងទ្វេរ ផ្ដល់ជូននាយទាហាន បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ និងវរនគរបាលការពារព្រំដែនលេខ៧៩៣ ជាអង្គភាពសម្ព័ន្ធមេត្រីភាព ដែលកំពុងឈរជើងតាមបណ្តោយព្រំដែនកម្ពុជា.ថៃ.ឡាវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានធ្វើការសំណេះសំណាល និងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានលើកឡើងអំពីការយកចិត្តទុកដាក់របស់សម្តេចទាំងទ្វេរ ចំពោះបងប្អូនកងទ័ពទាំងអស់ ព្រមទាំងបានលើកឡើងអំពីការផ្សាភ្ជាប់គ្នា រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដែលជានិច្ចកាលមិនអាចកាត់ផ្តាច់ពីគ្នាបាន និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិ ក្រោមដំបូលសន្តិភាព ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានផ្តាំផ្ញើរដល់កងទ័ពទាំងអស់ កុំឲ្យជឿតាមការញុះញង់ បំបែកបំបាក់របស់ក្រុមឧទ្ទាមក្រៅច្បាប់ ការពារសុខសន្តិភាព និងប្តេជ្ញាចិត្តការពាររាជដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងប្តេជ្ញាការពារ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ជាមួយគ្នានេះឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា កងទ័ព និងកងកម្លាំងនគរបាលជាតិទាំងអស់ ប្រាកដណាស់មិនចង់ឲ្យកម្ពុជា ធ្លាក់ចូលក្នុងភ្លើងសង្គ្រាមនោះទេ ព្រោះបច្ចុប្បន្ននេះកម្ពុជាកំពុងតែទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយយ៉ាងល្អប្រសើរ ប្រជាពលរដ្ឋរស់នៅជួបជុំក្រុមគ្រួសារ មានឱកាសដើរហើរដោយសេរី ដូច្នេះកត្តាទាំងនេះកងទ័ពទាំងអស់នឹងមិនអនុញ្ញាត ឲ្យក្រុមណាមួយមកបំផ្លាញភាពសម្បូរ សប្បាយដែលកំពុងតែកើតមានពេលបច្ចុប្បន្ននេះទេ៕សួនលីណា