កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំចូលរួមក្នុងវិស័យ ស្ដារធនធានព្រៃឈើ និងកែលម្អសោភ័ណភាពក្រុងស្ទឹងសែន

0

ខេត្តកំពង់ធំ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកម្លាំង ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន១១៥នាក់ ជួសជុលកូនឈើដែលបានដាំរួច ហើយមានការខូចខាត និងយកស៊ុមការពារកូនឈើចំនួន ១០៧ស៊ុម ដាក់ការពារកូនឈើចំនួន ១០៧ដើម ។

សកម្មភាពនេះបាន ធ្វើឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៦A នៅមុខវិទ្យាល័យកំពង់ធំ សង្កាត់​អាចារ្យលាក់​ ក្រុងងស្ទឹងសែន ខេត្តកំពង់ធំ ដោយបានរៀបចំស៊ុមដើម្បីការពារកូនឈើប្រណិតដែលបានដាំរួច និងជួស ជុលកូនឈើដែលបានខូចខាត ដើម្បីរួមចំណែក ក្នុងការថែរក្សាបរិស្ថានធម្មជាតិ និងកែលំអរសោភ័ណទីក្រុងស្ទឹងសែន នៅព្រឹកថ្ងៃច័ន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ក្រោមការណែនាំ ចង្អុរបង្ហាញ ពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលខេត្ត​ ប្រធាន​គណបញ្ជាការឯកភាពរដ្ឋបាល​ ខេត្ត​កំពង់ធំ បានប្រគល់ភារកិច្ចជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំដាំដុះនិងថែរក្សា កូនឈើដែលបានដាំរួច ព្រមទាំងបានសហការយ៉ាងល្អប្រសើរជាមួយស្ថាប័នរដ្ឋបាលព្រៃឈើ និងមន្ទីរបរិស្ថានខេត្ត ក្នុងការទប់ស្កាត់​ បង្ក្រាប​ និងថែរក្សាធនធានធម្មជាតិក្នុងភូមិសាស្រ្តខេត្តកំពង់ធំផងដែរ​ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុនក៏បានបញ្ជាក់ថា កន្លងមកនេះ អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចូលរួមដាំដើមឈើនៅតាមបណ្ដាទីវត្តអារ៉ាមមួយចំនួន ដូចជា វត្តពោធិរោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង វត្តបុទុមរតន៍​ វត្តក្រចាប់ នៅសង្កាត់អាចារ្យលាក់ក្រុងស្ទឹងសែន និងវត្តពោធិវង្សហត្ថីហៅវត្តពោធិ ឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំជាដើម និងបានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ឱ្យខិតខំថែរក្សាដើមឈើ ដែលបានដាំរួច ហើយតាមប្លង់នីមួយៗ​ដែលបានបែងចែក និងទទួលខុសត្រូវខ្ពស់។ ដោយ ប៊ុនរដ្ឋា