ក្រចេះ: មានរថយន្តគ្រប់ធន់និងម៉ូតូជាច្រើនគ្រឿង បានធ្វើចរាចរដឹកជញ្ជូន ឈើចេញពីចំណុចភូមិ កន្តួត ឃុំកន្តួត ស្រុកចិត្របូរី និងចេញពីតំបន់នានា នៃទឹកដីខេត្ត ក្រចេះ ឆ្ពោះទៅកាន់ចំណុច ផ្លូវ ៨៨ ដែលមានទីតាំងស្ថិតនៅភូមិ វ៉េវ ឃុំពីរធ្នូរ ស្រុកស្នួល ខេត្តក្រចេះយ៉ាងគគ្រឹក គគ្រែងខុសប្លែកពីធម្មតា កាលយប់ថ្ងៃទី1០ ខែកក្កដា ឆ្នាំ២០១៤ គេសង្កេតឃើញមានរថយន្ត
គ្រប់ធន់ និងម៉ូតូជាច្រើនគ្រឿងធ្វើចរាចរដឹកជញ្ជូនឈើគ្រប់ប្រភេទ យ៉ាងប្រសេក ប្រសាចពាសពេញដងផ្លូវជាតិលេខ៧ ដើម្បីយកទៅលក់ឲ្យឈ្មួ្ញញ ឈ្មោះ លោកក្លឹង និងលោក សា យូសុះ និងយកទៅលក់ឲ្យឈ្មួញមួយចំនួនទៀត ដែលកំពុងឈរជើង រងចាំទិញឈើពីឈ្មួញ ទាំងនោះតាមច្រករបៀង៧៩ស្ថិតនៅចំណុច អូ លាវ ដែលមានព្រំប្រទល់ជាប់ ទៅនឹងប្រទេសវៀតណាម ។
ប្រជាពលរដ្ឋនៅភូមិ វ៉េវ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១០ខែកក្កដា ឆ្នាំ ២០១៤ រថយន្តគ្រប់ធន់និងម៉ូតូជាច្រើនគ្រឿង បានធ្វើចរាចរដឹកជញ្ជូនឈើ តាមកំណាត់ផ្លូវជាតិលេខ៧ ហើយក្នុងចំណោមនោះ ក៏ មានរថយន្ត ពណ៍ត្រីអ៊ី គ្មានពាក់ស្លាកលេខ របស់យោធាដឹកឈើធ្នង់យ៉ាង ពេញប្រៀប ដោយ គ្មានខ្លាច ញញ្ញើត សមត្ថ កិច្ចណាមួយ បន្តិចសោះឡើយ។
ទន្ទឹមទៅនិងការធ្វើចរាចរដឹកជញ្ជូនឈើធ្នង់តាមរថយន្ត និង ម៉ូតូជាច្រើនគ្រឿងរបស់ក្រុមឈ្មួញទាំងនោះឆ្ពោះ ទៅកាន់ចំណុចផ្លូវ ៨៨ និងផ្លូវ៧៩ ប្រកបទៅដោយសភាពយ៉ាងរលូនដូចសព្វថ្ងៃនេះ រស្មីកម្ពុជាក៏ធ្លាប់បានទូរស័ព្ទទៅសុំការបំភ្លឺពីលោកប្រាក់ សំបូរជាញឹកញាប់ផងដែរក៏ប៉ុន្តែ លោក ប្រាក់ សំបូរនាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង ប្រចាំស្រុកស្នួលទូរស័ព្ទរបស់គាត់ភ្ជាប់ប្រព័ន្ឋប៊ីស៊ីជាប់រវល់រហូត៕