អភិបាល​ខេត្តកំពង់ចាម​៖​ ពេល​ប្រជាពលរដ្ឋ​យើង​ជួប​ទុក្ខ​លំបាក​ ឃើញ​មាន​តែ​អាជ្ញាធរ​ មុខ​ដដែល​ៗទេ​ ដែល​ជា​អ្នក​ចុះ​ជួយ​យ៉ាង​ពិតប្រាកដ

0

​កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​ថ្លែង​ថា​ នៅ​ពេល​ដែល​បងប្អូន​ប្រជាពលរដ្ឋយេីង​​មាន​ទុក្ខ​លំបាក​ គឺ​ឃើញ​មាន​តែ​អាជ្ញាធរ​មូលដ្ឋាន​មុខ​ដដែល​ៗទេ​ ដែល​ជា​អ្នក​យក​អាសា​ចុះជួយ​យ៉ាង​ពិតប្រាកដ​ និង​ទាន់​ពេលវេលា​ ដោយ​មិន​មាន​ការ​រេីសអេីង​ ឬប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ ផ្ដល់​ការ​ជឿ​ទុក​ចិត្ត​ និង​រាយការណ៍​ទៅ​អាជ្ញាធរ​ភូមិ-​ឃុំ​ នៅ​ពេល​ដែល​មាន​បញ្ហា​​អ្វី​កើត​ឡើង​​ ឲ្យ​បាន​ឆាប់រហ័ស​ផងដែរ​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ខណៈ​​ដែល​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន​ បានអញ្ជើញ​នាំយក​អំណោយ​ចុះ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​លំនៅឋាន​ ចំនួន១៦គ្រួសារ ស្ថិត​នៅ​ក្នុង​ភូមិ​មេសរ​ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹក​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ។​

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​​ អភិបាល​ខេត្ត​កំពង់ចាម​ ក៏បាន​ធ្វើ​ការ​​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ សូម​ឲ្យ​ការ​ប្រកប​មុខ​របរ​នេសាទ​ ដោយ​គោរព​តាម​គោលការណ៍​ច្បាប់​កំណត់​ ​ដេីម្បី​រួម​គ្នា​ថែរក្សា​នូវ​ធនធាន​មច្ឆា​ជាតិ​យើង​ ឲ្យ​បាន​នៅ​សេសសល់​ដល់​កូន​ចៅ​យេីង​ជំនន់​ក្រោយ​ៗផងដែរ​ ។

ជាមួយ​គ្នា​នោះ​ ឯកឧត្តម អភិបាលខេត្តកំពង់ចាម​ បានថ្លែង​ដែរថា​ បន្ទាប់ពី​ទទួលបានព័ត៌មាន អំពីស្ថានភាពបងប្អូនប្រជាពលរដ្ឋយើង ទទួលរងគ្រោះដោយខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​នេះភ្លាម អាជ្ញាធរ ជាពិសេស គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមជាមួយក្រុមការងារចុះពង្រឹងមូលដ្ឋាន បាននាំនូវអំណោយសង្គ្រោះបន្ទាន់ នូវសម្ភារៈ ជាស្បៀងអាហារ និងថវិកា ចែកជូនប្រជូនប្រជាពលរដ្ឋ ទាំង ១៦គ្រួសារ ដែលក្នុងនោះ ៖ អ្នករលំផ្ទះចំនួន ១៤គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២០គ.ក្រ មី ១កេស ត្រីខ ១យួរ និងថវិកា ២០ម៉ឺនរៀល ។ ដោយឡែក អ្នករបើកដំបូលចំនួន ២គ្រួសារ ក្នុង ១គ្រួសារទទួលបានអង្ករ ២០គ.ក្រ មី ១កេស ត្រីខ ១យួរ និងថវិកា ១០ម៉ឺនរៀលផងដែរ​។

គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា កន្លងទៅ មានបាតុភូតខ្យល់កន្ត្រាក់ បានធ្វើឲ្យប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៦គ្រួសារ ក្នុងនោះ នៅឃុំព្រែកកុយ ចំនួន ១៥គ្រួសារ និង ១គ្រួសារ នៅឃុំរាយប៉ាយ ។ ក្រៅពីការបង្កផលប៉ះពាល់រលំ និងប៉ើងតំបូលផ្ទះ គ្រោះធម្មជាតិនេះ ពុំបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិត មនុស្ស និងសត្វឡើយ ៕