មនុស្ស១៤នាក់បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកសូទ្រនិគមខេត្តសៀមរាប

0

សៀមរាប: លោក ម៉ក ប្រុស អភិបាលស្រុកសូទ្រនិគមខេត្តសៀមរាបបានឱ្យដឹងនៅសៀលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៩នេះថា កាលពីវេលាម៉ោង ២០,១០នាទីយប់ថ្ងៃទី២៩កញ្ញាឆ្នាំ២០១៩នេះ នៅលើផ្លូវជាតិលេខ៦ ត្រង់ភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវិរះប៊ុនថាំ បានបើបុកគូទរថយន្តធុនត្រា បណ្ដាលឱ្យរថយន្តក្រុងរបស់ក្រុមហ៊ុនវិរះប៊ុនថាំក្រឡាប់ធ្លាក់ចូលប្រឡាយទឹក និងខូចខាតរថយន្តធុនត្រាផងដែរ ករណីនេះបានធ្វើអ្នកដំណើររបួសមនុស្សសរុប១២នាក់ ស្រី ៣នាក់ ធ្ងន់១នាក់ប្រុស បាក់ជើង ក្នុងនោះ ជនបរទេស ២នាក់ ស្រី ១នាក់ ទី១ ឈ្មោះ patrick fleming ភេទប្រុសជនជាតិអាយឡែនទី២ ឈ្មោះdiana Villota ភេទស្រីជនជាតិកូឡុំប៊ី អ្នកទាំងពីររបួសស្រាល។ចំណែកខាងរថយន្តធុនត្រាក៍មានអ្នករបួសចំនួន២នាក់ផងដែរ។
លោកបានបន្តថា រថយន្តរបស់ក្រុមហ៊ុនវីរះប៊ុនថាំជាប្រភេទ២ជាន់មាន៤៥កៅអី បើកបរចេញពីសៀមរាប ឆ្ពោះទៅភ្នំពេញ បើកបរទិសដៅស្របគ្នាជាមួយរថយន្តធុនត្រា មកដល់ចំណុចកើតហេតុក៍បានទៅបុកគូទរថយន្តធុនត្រា បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចបានដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យ។ចំណែកវត្ថុត្រូវបានកម្លាំងនគរបាលជំនាញនៃស្រុកសូទ្រនិគម អូសយកមករក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។
លោកបានបញ្ជាក់ថា មូលហេតុនៃការបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺដោយសាររថយន្តក្រុងបើកបរក្នុងល្បឿនលឿនជាន់ហ្វាំងមិនជាប់ក៍ទៅបុកគូទរថយន្តធុនត្រាដែលបើកនៅខាងមុខ ក្រោយពីកើតហេតុអ្នកបើកបររថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវិរះប៊ុនថាំ បានរត់គេចខ្លួនបាត់៕