ខេត្តកំពង់ធំ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំ ពង្រឹងតួរនាទីភារកិច្ចភ្នាក់ងារស្រាវជ្រាវ ផ្តល់ព័ត៌មាន ពិធីនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពី លោកមេបញ្ជាការរងផ្នែកសឹករង ក្រុង ស្រុកវរសេនាតូចចំណុះ ទទួលបន្ទុកការងារស្រាវជ្រាវ ផ្តល់ពត៍មាននិងការិយាល័យផ្នែកចំណុះពាក់ព័ន្ធជាច្រើនរូប នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងនូវសភាពការណ៍ថ្មីៗមួយចំនួនទាក់ទងនឹងសេចក្ដីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលកំពុងតែមមាញឹកក្នុងជីវភាពប្រចាំថ្ងៃ និងកិច្ចការអភិវឌ្ឍន៍នានារបស់ប្រទេសជាតិ និងបានផ្សោតសារ សំខាន់ដល់ការប៉ុនប៉ងរបស់ពួកជ្រុលនិយម ក្នុងការបង្កអស្ថេរភាព ធ្វើឲ្យសង្គមកម្ពុជាវឹកវរពីសំណាក់ជនក្បត់ជាតិទណ្ឌិត សម រង្ស៊ី និងអ្នកងប់ងល់មួយចំនួនតូច ឬអ្នកដែលចាញ់បោកពួកជ្រុលនិយមទាំងនេះ។
តាមរបាយការណ៍របស់មូលដ្ឋាន បានបញ្ជាក់ថា ក្រុមជ្រុលនិយមក្នុងស្រុកដែលមួយក្ដាប់តូច មានមេក្លោងនៅក្រៅប្រទេស ដែលពួកគេស្ម័គ្រស្មោះនឹងមេដឹកនាំក្បត់ជាតិ ខុសនឹងច្បាប់របស់ប្រទេសជាតិ ពួកគេនៅតែលួចលាក់ធ្វើសកម្មភាពល្មើសនឹងច្បាប់ ដែលសកម្មភាពនេះជាសកម្មភាពក្បត់ជាតិក្បត់ប្រជាជន ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងនាមជាកម្លាំង បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវមានវិធានការចូលរួមទប់ស្កាត់បញ្ហានេះ និងបានប្រគល់ភារកិច្ចដើម្បីអនុវត្តន៏ ទី 
១/. ត្រូវសហការជាមួយសមត្ថកិច្ច អាជ្ញាធរនៅមូលដ្ឋាន ដើម្បីស្រាវជ្រាវ ក្តាប់ពត៌មានឲ្យបានច្បាស់លាស់ រាល់សកម្មភាពញុះញង់ បំផុសបំផុល បម្រើសកម្មភាពឲ្យជនក្បត់ជាតិ ក្នុងគោលបំណងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដេីម្បីមានវិធានការណ៍តាមផ្លូវច្បាប់ជាបន្ទាន់ ។ 
២/. ត្រូវបន្តរាយការណ៍ជាប្រចាំ អំពើសភាពការណ៍ទូទៅក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវ តាមពេលវេលាកំណត់ និងទាន់ហេតុការណ៍អំពីព្រឹត្តិការណ៍កើតមានក្នុងមូលដ្ឋានខ្លួន។
៣/. ត្រូវសហការជាមួយសមត្ថកិច្ច អាជ្ញាធរ ដែនដី និងប្រជាពលរដ្ឋស្រលាញ់សន្តិភាព ចាត់វិធានការតាមច្បាប់ជាបន្ទាន់ចំពោះជនណាដែលឃុបឃិត ធ្វើសកម្មភាពបំផ្លាញសន្តិសុខជាតិ និងសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ។
មេបញ្ជាការតាមតាមបណ្ដាកងឯកភាព និងនាយទាហានបានប្ដេជ្ញាទទួលយកនូវវិធានការដែលបានដាក់ចេញនេះ ដើម្បីរួមសហការបំពេញភារកិច្ច នៅមូលដ្ឋានឱ្យទទួលបានជោគជ័យ។ ដោយ ប៊ុនរដ្ឋា




































