សាស្រ្ដាចារ្យ អាំង ជូលាន យល់ថាអារ្យធម៌អង្គរមិនទាន់ស្លាប់ទេ

0

សៀមរាប៖ បើទោះបីសម័យអង្គរដ៏រុងរឿងបានកន្លងហួសច្រើនសតវត្សរ៍ទៅហើយក្ដី តែអារ្យធម៌ ប្រពៃណី ទំនៀមទម្លាប់នៅសម័យនោះមិនទាន់ទៅណាឆ្ងាយឡើយ។ អារ្យធម៌ទាំងនោះមិនទាន់បាត់បង់ឡើយ គឺវាបន្តរស់នៅជាមួយអ្នកស្រុកអង្គរ ដែលបន្តប្រណិប័តន៍តពីដូនតារហូតមក។ ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក អាំង ជូលាន យល់ថា អារ្យធម៌អង្គរមិនទាន់ស្លាប់ទៅណាទេ និងចង់ឱ្យថែរក្សាអារ្យធម៌នេះកុំឱ្យបាត់បង់។

ថ្លែងក្នុងបាឋកថាស្ដីពី «វដ្ដសង្សារ៖ សិល្បៈ និងកិច្ច» នៅថ្ងៃទី២៥ ខែកញ្ញា នាអាជ្ញាធរជាតិអប្សរា លោក អាំង ជូលាន បានព្យាយាមពន្យល់ និងលើកជាឧទាហរណ៍មួយចំនួនមកពន្យល់អ្នកស្ដាប់។ អំណះអំណាងដែលបញ្ជាក់ថា អារ្យធម៌របស់អង្គរមិនស្លាប់ដែលអ្នកស្រាវជ្រាវរូបនេះពន្យល់ គឺតាមរយៈការប្រារព្ធពិធីសាសនា ទំនៀមទម្លាប់ ប្រពៃណី និងជំនឿផ្សេងៗដែលអ្នកស្រុកអង្គរគោរពប្រណិប័តន៍ពីដើមមក។

ជាមួយនឹងការងារនេះដែរ នរវិទូនិងជាអ្នកស្រាវជ្រាវផ្នែកវប្បធម៌ដ៏ល្បីមួយនៅកម្ពុជា លោក អាំង ជូលាន បានមើលឃើញថា ការហូរចូលនៃចំនួនទេសចរច្រើននៅតំបន់ប្រាសាទជាបាតុភូតថ្មី ជារួមមុនសម័យសង្រ្គាមមានតែអ្នកស្រុកទេដែលចេញចូលគោរពទីសក្ការៈនានានិងថែរក្សា។ ហើយបាតុភូតនេះ ក៏អាចជាហេតុផលនៃការប៉ះពាល់ទំនៀមរបស់អ្នកស្រុកខ្លះដែរ។ លោកពន្យល់ថា អ្នកស្រុកព្យាយាមលែងប្រារព្ធពិធីមួយចំនួនដោយសារមានភាពអ៊ូអរ ឬបុគ្គលមួយចំនួនដែលមិនយល់ពីតម្លៃនៃពិធីនោះជាដើម។

នៅចំពោះអ្នកចូលរួមប្រមាណ២០០នាក់ដែលមានទាំងមគ្គុទ្ទេសក៍ទេសចរណ៍ អ្នកស្រាវជ្រាវ សិស្សនិស្សិត លោក អាំង ជូលាន ស្នើឱ្យប្រជាពលរដ្ឋបន្តប្រារព្ធពិធី ទំនៀមផ្សេងៗដែលធ្លាប់ធ្វើពីដូនតារបស់ពួកគេ ព្រោះថាការអភិរក្សតម្លៃទាំងនេះគឺមានសារសំខាន់ណាស់ដើម្បីរក្សាអារ្យធម៌អង្គរឱ្យគង់វង្សទៅអ្នកជំនាន់ក្រោយ៕