ខេត្តប៉ៃលិន ៖ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រំដែន ក្បែរច្រកទ្វាអន្តរជាតិព្រំ បានធ្វើការរិះគន់យ៉ាងខ្លាំងដល់មន្ត្រីគយប្រចាំការច្រកទ្វារ អន្តរជាតិព្រំ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ថា មានសង្ស័យឃុបឃិតគ្នាជាមួយនឹងក្រុមឈ្មួញ នាំហ្គាសចូលមកក្នុងទឹកដីកម្ពុជាយ៉ាងអនាធិបតេយ្យ ដោយពុំមានការត្រួតពិនិត្យត្រឹមត្រួវ ។ហើយក្នុង១ថ្ងៃៗ មានរថយន្តថៃ (ប្រភេទតូយូតាឃ្លុបប្រើកញ្ចក់ខ្មៅ ) ចំនួន៤ទៅ៥គ្រឿង ដឹកហ្គាសចំនួនពី៧ទៅ១០ជើង ដោយរថយន្ត១គ្រឿងៗ ដឹកធុងហ្គាសចាប់ពី៣ទៅ៥ធុង មានទម្ងន់ពី៥០០ ទៅ៦០០គីឡូក្រាម ។
ប៉ុន្តែហាក់ដូចជាមិនឃើញមានបង់ពន្ធជូនរដ្ឋនោះឡើយ ប្រហែលជាមន្ត្រីគយដែលគ្រប់គ្រងនៅទីនោះ សុទ្ធតែបានផលប្រយោជន៍ពីអំពើខុសច្បាប់ទាំងនេះ ទើបធ្វើមិនដឹង មិនឮ បណ្តោយឱ្យរថយន្តដឹកហ្គាសចូលមកទឹកដីខ្មែរ ដោយមិនបានត្រួតពិនិត្យបន្តិចនោះ ចាំតែលាដៃយកប្រាក់ដាក់ហោប៉ៅប៉ុណ្ណោះ ។
ប្រភពព័ត៌មានបន្តទៀតថា៖ ប្រជាពលរដ្ឋដែលធ្វើការ សង្កេតចំពោះបញ្ហានាំហ្គាសចូលនេះបានឱ្យអ្នកឆ្លើយឆ្លងព័ត៌មានកម្ពុជាថ្មីដឹង កាលពី ព្រឹកថ្ងៃទី១១ ខែកក្កដា ២០១៤ នេះថា គេឃើញមានរថយន្តថៃប្រភេទតូយ៉ូតាឃ្លុបពណ៌ខ្មៅ និងពណ៌ខៀវ ចំនួន៤ទៅ៥គ្រឿង ប្រើកញ្ចក់ខ្មៅ (រ៉ៃបាន់) នាំហ្គាសចូលមកទឹកដីខ្មែរ តាមច្រកទ្វារអន្តរជាតិ ដោយដឹកដាក់ឱ្យស្ថានីយ៍មួយកន្លែងយី ហោ ( ប្រេងឥន្ធនៈ L.S.C) មានម្ចាស់ ឈ្មោះ ឡោ ស៊ិនជាង ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ តែគ្មានមន្ត្រីគយណាម្នាក់ធ្វើការត្រួតពិនិត្យនោះឡើយ បែរជាបណ្តោយឱ្យហ្គាសទាំងនេះដឹកយ៉ាងរលូន ដោយក្នុង១ថ្ងៃដឹករាប់សិបតោនឯណោះ ហើយការដឹករបៀបនេះគេធ្វើជាច្រើនឆ្នាំមកហើយ ។
ប្រជាពលរដ្ឋបានបន្តទៀតថា ហ្គាសទាំងនេះភាគច្រើនជារបស់អ្នកដែលមានឥទ្ធិពលនៅតំបន់នេះ ហើយគេត្រូវរ៉ូវគ្នាជាមួយមេគយប្រចាំច្រកនេះថែមទៀតផង ។ ពាក់ព័ន្ធទៅនឹងបញ្ហាហ្គាសទាំងនេះ លោក អ៊ុក វណ្ណច័ន្ទ ប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន បានឱ្យអ្នកឆ្លើយឆ្លងព័ត៌មានកម្ពុជាថ្មីដឹងតាមទូរស័ព្ទកាលពីរសៀល ថ្ងៃទី១១ ខែកក្កដា ២០១៤ ថា ការដឹកហ្គាសទាំងនេះ សុទ្ធតែមានច្បាប់ មានទម្លាប់នាំចូល ត្រឹមត្រូវអស់ហើយ ។
លោកបានបន្តទៀតថា រថយន្តដែលដឹកហ្គាសមានទាំងធុនតូចនិងធុនធំ ដោយមានក្រុមហ៊ុនពីរក្រុមហ៊ុន ហើយបញ្ហានេះស៊ីសងនឹងមានការអនុញ្ញាតិច្បាប់ពីថ្នាក់លើ ខាងអគ្គនាយកដ្ឋានឯណោះ ដោយអត់បង់ពន្ធឱ្យខាងលោកផ្ទាល់នោះទេ គឺគេបង់ពន្ធនៅខាងលើអស់រួចជាស្រេចទៅហើយ បើសិនជាមានអ្នកណាដឹកហ្គាសអត់រត់ច្បា ប់ខាងក្រុមហ៊ុនទាំងពីរនឹងប្តឹងជាក់ជាមិនខាន ។ ចំណែកខាងសាខាគយច្រកទ្វារអន្តរជាតិព្រំ គ្រាន់តែអនុវត្តតាមបរិមាណ និងអ្វីដែលរដ្ឋាភិបាលអនុញ្ញាតិ៕ អត្ថបទ សេង សុវណ្ណារិទ្ធ