ក្រចេះ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃម្សិលម៉ិញនេះ បានដឹកនាំកិច្ចប្រជុំដើម្បីសិក្សាពីតម្រូវការក្នុងការស្តារឡើងវិញតាមវិស័យនីមួយៗ ដោយមានកាអញ្ចើញចូលរួមពី មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម
ក្រសួងធនធានទឹក ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងមន្ទីដែលមានកាពាក់ពន្ឋ័ជាច្រើននាក់ផ្សេងទៀត ។
នៅក្នុងកិច្ចប្រជុំនោះគឺផ្តោតសំខាន់ លើវិស័យកសិកម្មកាផ្តល់ពូជស្រូវ ពូជដំណាំរួមផ្សំ និងមធ្យោ បាយគាំទ្រផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងការដាំដុះឡើងវិញ នៅពេលដែលទឹកកំពុងតែស្រកចុះវិញនេះ ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបានសម្រេចជាបន្ទាន់ផ្តល់ស្រូវពូជសម្រាប់ប្រជាពលរដ្ឋធ្វើការស្តារឡើងវិញឱ្យទាន់ពេលវេលា ដែលស្រូវពូជទាំងនេះគឺជាប្រព័ន្ធស្បៀងបម្រុងកម្ពុជា។
ឯកឧត្តម បញ្ជាក់ថាចំពោះតំបន់ភូមិសាស្ត្រដែលមិនអាចដាំដុះស្រូវទាន់ពេលវេលាបានគឺត្រូវសិក្សាលទ្ធភាពជាក់ស្តែងក្នុងការដាំដុះដំណាំរួមផ្សំផ្សេងៗ ជំនួសវិញដែលការគាំទ្រការស្តារឡើងវិញក្នុងវិស័យកសិកម្មនេះគឺត្រូវធ្វើឡើងក្នុងកម្រិតយុទ្ធសាស្ត្រ ត្រូវផ្តល់ជាកញ្ចប់ដែលមានពូជ មានទឹក បច្ចេកទេស និងផ្នែកខ្លះត្រូវមានប្រេងផងដែរ។
ក្នុងនោះឯកឧត្តម នាយឧត្តមសេនីយ៍ ក៍បានជម្រុញដល់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តរសហការជាពិសេសគឺក្រសួងកសិកម្ម និងក្រសួងធនធានទឹកដើម្បីជួយដល់ ប្រជាពលរដ្ឋក្នុងការងារស្តារឡើងវិញ នេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ពីព្រោះនេះគឺជាផ្នែកសំខាន់មួយនៃវិស័យគ្រប់គ្រងគ្រោះមហន្តរាយ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម រួមនិងមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម ក្រសួងធនធានទឹក ឯកឧត្តម អភិបាលខេត្តក្រចេះ ក៍បានចុះពិនិត្យជាក់ស្តែងដល់មូលដ្ឋាន បន្ទាប់ពីបញ្ជាប់កិច្ចប្រជុំ ដើម្បី បន្តរសិក្សាស្វែងយល់ពីផលប៉ះពាល់ និងដើម្បីជួបពិភាក្សាជាក់ស្តែងជាមួយប្រជាពលរដ្ឋមូលដ្ឋានពីតម្រូវការជាក់ស្តែងនូវផលប៉ះពាល់ដោយសាទឹកជំនន់នាពេលកន្លងទៅ ។ដោយ ម៉េង គាង





































