មិត្តសម្លាប់មិត្តបណ្តាលមកពីឥទ្ធិពលគ្រឿងញៀន

0

កំពង់ធំៈគ្រឿងញៀនគឺជាអាវុធដ៏សាហាវ សម្លាប់មនុស្សដោយគ្មានមេត្តា ដោយសារតែសារធាតុញៀន បានប្តូរអត្តចរិកមនុស្ស បញ្ជាបញ្ហាប្រព័ន្ឋសសៃប្រសាតខួរក្បាល លែងដឹងខុសត្រូវ លែងស្គាលម្តាយ ឳពុក បងប្អូន មិត្តភ័ក្ក ដោយសារធាតុញៀនបានប្រែក្លាយទៅជាមនុស្សកាចសាហាវ ដែលត្រូវបានចាត់ទុកជាមនុស្ស អន្តរាយនៅក្នុងសង្គម។

ជាក់ស្តែង ឥទ្ធិពលគ្រឿងញៀនបាន ជ្រាបពេញរាងកាយរបស់មនុស្សម្នាក់ ឲ្យក្លាយទៅជាឃាតករសម្លាប់ មនុស្សម្នាក់ដែលជាមិត្តភ័ក្ក ឲ្យស្លាប់នៅក្នុងថ្លុកឈាម និងបុរសម្នាក់ទៀតបានរបួសធ្ងន់ ខណះជនសង្ស័យត្រូវជាមិត្តភក្កិលួចកាប់ពីក្រោយខ្នង ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៧.២០នាទី ថ្ងៃទី០២ ខែ តុលា ឆ្នាំ ២០១៩ នៅភូមិងួនសៀម ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមការឲ្យដឹងពីលោក វរៈសេនីយ៍ យ៉ង សំ អធិការស្រុកស្ទោង បានអោយដឹងថា អំពើឃាតកម្មបង្កឡើយដោយជនសង្ស័យ ឈ្មោះ ម៉ៅ ម៉ៃ ភេទ ប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ មុខរបរមិនពិតប្រាកដ ខណៈនេះបានរត់គេចខ្លួន បន្ទាប់ពីបានកាប់មិត្តសម្លាញ់រួច ចំណែកជនរងគ្រោះ ត្រូវបានស្គាល់ឈ្មោះ ទិត រិន ភេទប្រុស អាយុ43ឆ្នាំ នៅ ភូមិឃុំកើតហេតុ មានស្នាមរបួស ចំនួន ០៩ កន្លែង ស្លាប់ក្នុងថ្លុកឈាម ចំណែកទី២ ឈ្មោះ រិន វិត ភេទ ប្រុស អាយុ 18 ឆ្នាំ* មានទីលំនៅភូមិ ឃុំ កើតហេតុ ត្រូវរបួស លើភ្នែកគោលខាងឆ្វេង វត្ថុតាងចាប់យកបាន១ពូថៅ ។អធិការស្រុកស្ទោង បានបញ្ជាក់ពីដំណើររឿង មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល ០៦និង ៣០ នាទី ជនសង្ស័យបានមកអង្គុយ លេងជាមួយជនរងគ្រោះ នៅក្រោមផ្ទះរបស់ជនរងគ្រោះ មួយសន្ទុះក្រោយមកម្តាយជនសង្ស័យបានមកស្តីបន្ទោស អោយជនសង្ស័យ រួចក៏ដើរចេញទៅបាត់ ចំណែកជនរងគ្រោះក៏ដើរទៅអោយចំណីមាន់នៅក្រោយផ្ទះ រួចហើយក៏មកអង្គុយលៀងដៃនិងដុសធ្មេញនៅអែបពាងទឹកក្រោយផ្ទះ ស្រាប់តែជនសង្ស័យបានទាញយកពូថៅដៃ ពីក្រោមគ្រែដើរទៅកាប់ជនរងគ្រោះជាច្រើនពូថៅបណ្តាលអោយស្លាប់នៅនឹងកន្លែងតែម្ដង។មូលហេតុសង្ស័យបែកថ្នាំ ដោយសារនៅសុខៗ ពុំមានរឿងឈ្លោះទាស់ទែងគ្នាសោះ ស្រាប់តែជនសង្ស័យ មកកាប់ជនរងគ្រោះតែម្តង ចំពោះជនសង្ស័យសមត្ថកិច្ចកំពុងតែបន្តស្វែងរកចាប់ខ្លួនដើម្បីផ្ដន្ទាទោសតាមច្បាប់ សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ ប៊ុន រដ្ឋា