ខេត្តកំពង់ធំ៖ ពិធីចុះហត្ថលេខា ត្រូវបានធ្វើឡើងរវាង ខេត្តកំពង់ធំ និងខេត្តប៊ិញ ភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងគោលបំណងបន្តកិច្ចសហប្រតិបត្តិការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមរដូវប្រាំងឆ្នាំ២០១៩-២០២០ ដែលបានពលីជីវិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នាសម័យសង្គ្រាមកន្លងមក ពិធីនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋានសឹករងកំពង់ធំ។
ពិធីចុះហត្ថលេខាស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ ហៃ អភិបាលរងខេត្តកំពង់ធំ ប្រធានគណៈកម្មាធិការជំនាញជីករុករកអដ្ឋិធាតុខេត្តកំពង់ធំ ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោក លោកវរសេនីយ៍ឯក វូ ទៀនដៀន អនុប្រធានគណៈកម្មាធិការជំនាញជីករុករកអដ្ឋិធាតុខេត្តប៊ិញភឿក រួមទាំងសមាជិកចូលរួមដំណើរ១១រូប និង ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងស្នងការនគរបាលខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរសង្គមកិច្ចខេត្ត លោកអភិបាល អភិបាលរងស្រុក-ក្រុងទាំង៩ និងលោកមេបញ្ជាការផ្នែកសឹករងក្នុងស្រុក-ក្រុងចូលរួមផងដែរ ។
កិច្ចពិភាក្សាស្ដីពីការងារបន្តជីករុករកអដ្ឋិធាតុនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការជំនាញជីករុករកអដ្ឋិធាតុខេត្តកំពង់ធំ បានធ្វើកិច្ចស្វាគមន៍ និងបានបញ្ជាក់ដំណាក់កាលទី១ ឆ្នាំ២០០៣ រហូតដល់ដំណាក់កាលទី១៨រដូវប្រាំងឆ្នាំ២០១៨-២០១៩ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម បានស្រាវជ្រាវជីករុករកឃើញក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតវិញបានចំនួន ១,១១៥អដ្ឋិធាតុរួចហើយ ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់អដ្ឋិធាតុជីកបន្តក្នុងដំណាក់កាលទី១៩ រដូវប្រាំង២០១៩-២០២០ខាងមុខនេះ នៅសល់ប្រមាណពី៥៥ ទៅ៦០អដ្ឋិធាតុ ទៀត ដែលត្រូវជីករុករកបន្ត ។
លោកវរសេនីយ៍ឯក វូ ទៀនដៀន ប្រធាននយោបាយយោធាខេត្តប៊ិញភឿក បានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានសហការល្អតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ក្នុងការងារមនុស្សធម៌នេះ និងសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួយប្រជាពលរដ្ឋ មេត្តាជួយបន្តសហការក្នុងការជីករុករកអដ្ឋិធាតុបងប្អូនកងទ័ពស្ម័គ្រចិត្តវៀតណាមបានវិលទៅស្រុកកំណើតវិញ ជួបជុំក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ឯកឧត្តម សុខ ហៃ អភិបាលរងខេត្ត បានថ្លែងការកោតសរសើរចំពោះក្រុមការងារជំនាញទាំងពីរខេត្តកំពង់ធំ-ប៊ីញភឿក ដែលបានសហការគ្នាល្អ ស្រាវជ្រាវជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមទទួលបានលទ្ធផលល្អប្រសើរ និងបានសំណូមពរដល់អាជ្ញាធរដែនដី កងកម្លាំងទាំងអស់ បន្តសហការគ្នាបំពេញភារកិច្ចមនុស្សធម៌ជាអន្តរជាតិនេះ ឲ្យបានជោគជ័យបន្តទៀត ។ ដោយ ប៊ុន រដ្ឋា






































