សៀមរាប: នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានចុះកាត់ក្រីដើមឈើមានហានិភ័យ
សម្អាត និងលាងផ្លូវសំខាន់ៗមួយចំនួននៅរមណីយដ្ឋានអង្គរ ក្នុងបំណងដើម្បីលើកសោភ័ណភាពបរិស្ថាន ខណៈដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
ផ្លូវសំខាន់ៗដែលក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាចុះប្រតិបត្តិការរួមមាន ផ្លូវពីព្រលានយន្តហោះទៅអង្គរវត្ត ផ្លូវហ្សាលដឺហ្គោលពីសាលាអន្ដរជាតិ អាយអូអេសទៅអង្គរវត្ត ផ្លូវពីអង្គរវត្តទៅបាយ័ន និងពីបាយ័នទៅព្រះលានជល់ដំរីជាដើម។ល។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងអាស៊ានបូក៣ (ចិន ជប៉ុន និងកូរ៉េ) នេះដែរ រដ្ឋមន្រ្តីបរិស្ថានអាស៊ាននឹងចូលរួមពិធីដាំកូនឈើជានិមិត្តរូបនៅសួនច្បារមុខប្រាសាទអង្គរវត្ត ដែលសួនច្បារនេះត្រូវបានអាជ្ញាធរជាតិអប្សរា រួមជាមួយក្រសួងបរិស្ថានបានរៀបចំនិងកែលម្អ ដើ ម្បីលើកតម្លៃអង្គរឱ្យស័ក្ដិសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕







































