លោក ធិននី វិធូរ អតីតអភិបាលរងស្រុកប្រាសាទបាគង ត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែងថ្មី ជាអភិបាលស្រុកវ៉ារិន

0

សៀមរាប:លោក  ធិននី វិធូរ ឋានន្តរស័កិ្តវរៈមន្ត្រីថ្នាក់លេខ៣ ជាអភិបាលរងស្រុកប្រាសាទបាគង ត្រូវបានប្រកាសចូលកាន់តំណែងថ្មី ជាអភិបាលស្រុកវ៉ារិន ជំនួសលោក ភូ សំអាត អតីតអភិបាលស្រុកចាស់ដែលត្រូវបានចូលនិវត្តន តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលពិធីប្រកាសតែងតាំង និង ប្រគល់ភារកិច្ចនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០១៩នេះ រដ្ឋបាលស្រុកវ៉ារិន ក្រោមអធិបតីភាពរបស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោក ង៉ាន់ ភិរុន អភិបាលរងខេត្ត និងមានការអញ្ញើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកលោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការ មេបញ្ជាការរង លោកលោកស្រីជាប្រធាន និងអនុប្រធានមន្ទីជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក និងប្រជាពលរដ្ឋក្នុងស្រុកចូលរួមជាច្រើននាក់ផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា ការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកនៅពេលនេះ គឺជាការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និង អាជ្ញាធរខេត្តចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ ។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាព និង មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដូច្នេះក្នុងឱកាសដែលលោក ធិននី វិធូរ ដែលទទួលបានការតែងតាំងជាអភិបាលស្រុកវ៉ារិននៅពេលនេះ ត្រូវរក្សានូវចំណងស្មារតីសាមគ្គី និង ឯកភាពផ្ទៃក្នុងក្នុងជួរគណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និង ក្រុមប្រឹក្សាឃុំឲ្យបានល្អប្រសើរឡើង ដើម្បីរួមគ្នាអភិវឌ្ឍន៍នូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេស ត្រូវគិតគូ និង ពិចារណា នូវការបង្កើតភូមិមួយផលិតផលមួយ ការបង្កើតរមណីយដ្ឋានថ្មីៗបន្ថែម ជាមួយនឹងរមណីយដ្ឋានដែលមានស្រាប់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលជាផ្នែកមួយក្នុងការលើកកម្ពស់ជីវភាពរបស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ហើយត្រូវរួមគ្នាការពារនូវសេចក្ដីសុខក្សេមក្សាន្តរបស់បងប្អូនប្រជាពលរដ្ឋយើង ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់លោកអភិបាលស្រុកដែលទើបតែងតាំងថ្មី នឹងមន្ត្រីក្នុងសាលាស្រុកវ៉ារិនទាំងអស់ ត្រូវបង្កើននូវការយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងតម្រូវការចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ , ត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាត និង ទាន់ពេលវេលានូវការកាប់បំផ្លាញព្រៃឈើ និង ការទន្រ្ទានយកដីដោយខុសច្បាប់ ជាពិសេសអាជ្ញាធរស្រុក ឃុំ និង ភូមិ មិនត្រូវនៅពីក្រោយខ្នង ឬក៏ជាអ្នកញុះញង់ឲ្យកើតមាននូវបទល្មើសនេះឡើយ ។

ជាការប្ដេជ្ញាចិត្តនាឱកាសនេះដែរ លោក ធិននី វិធូរ ដែលបានតែងតាំងជាអភិបាលស្រុកវ៉ារិនថ្មី ក៏បានធ្វើការប្ដេជ្ញាចិត្តដោយអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន , គាំទ្រនិងអនុវត្តន៍នូវកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា , គោលការណ៍ដឹកនាំចង្អុលបង្ហាញរបស់ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលខេត្ត និង ប្ដេជ្ញាខិតខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់រៀបចំ កសាង និង អភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងស្រុកវ៉ារិនផងដែរ ៕