ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០១៩នេះ បានរៀបចំទទួលស្វាគមន៍ដំណើរមកបំពេញទស្សនកិច្ច របស់គណៈប្រតិភូ យោធាខេត្តបារៀវង់តាវ ដឹកនាំដោយលោកវរសេនីយ៍ឯក ត្រឹង ថាញ់សឺង មេបញ្ជា
ការរង យោធាខេត្តបារៀវង់តាវ យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។
ក្រោមការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង កងពលធំ និងកងពលតូចអន្តរាគមន៍ទាំង៣ចំណុះ។ ដើម្បីសម្តែងនូវការគោរព ពិភាក្សាគ្នាលើគោលការណ៍មួយចំនួន ក្នុងការត្រៀមរៀបចំ ការចងសម្ព័ន្ធមេត្រីភាព រវាងកងពលធំលេខ៣ កងទ័ពជើងគោក ជាមួយកងទ័ពប្រជាជនវៀតណាម យោធភូមិភាគទី៧ យោធាខេត្តបារៀវង់តាវ ជាផ្លូវការតាមសំណើ របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មានប្រសាសន៍លើកឡើងបញ្ជាក់ថា ចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូ យោធាខេត្តបារៀវង់តាវ នៅថ្ងៃនេះគឺពិតជាមានតម្លៃ មិនត្រឹមតែជាការត្រៀមលក្ខណៈ ចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពទាំងពីរនោះទេ។ គឺវាពិតជាមានតម្លៃយ៉ាងធំធេង ដែលសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ អំពីកិច្ចសហប្រតិបត្តិការល្អ ទំនាក់ទំនងល្អពីចំណងមិត្តភាពសាមគ្គីភាព យ៉ាងជិតស្និទ្ធរវាងកងទ័ព និងកងទ័ព រវាងរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាមដែលធ្លាប់មានប្រវត្តិ និងប្រពៃណីសាមគ្គីគ្នា ជាបងប្អូនយូរលង់ណាស់មកហើយ។
ហើយចំពោះកិច្ចពិភាក្សា ការត្រៀមរៀបចំការចងសម្ព័ន្ធមេត្រីភាពរវាងយោធាខេត្តបារៀវង់តាវ យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ជាមួយអង្គភាពកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក បានសម្រេចជ្រើសយកខែមេសា ឆ្នាំ២០២០ខាងមុខ គឺជាថ្ងៃចុះហេត្ថលេខា ស្តីពីការចងសម្ព័ន្ធមេត្រីភាព ជាផ្លូវការ នៃអង្គភាពទាំងពីរ ទៅតាមការអនុញ្ញាត របស់ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា ទៅលើការចុះហេត្ថលេខា ក្នុងការចងសម្ព័ន្ធមេត្រីភាព នៃអង្គភាពទាំងពីររួចមក ក៏មានរៀបចំប្រគល់ ទទួលនូវវត្ថុអនុស្សាវរីយ៍ របស់គណៈប្រតិភូ ទៅវិញទៅមក និងថតរូបរួមគ្នាជានិមិត្តរូបផងដែរ៕សួនលីណា




































