កំពង់ចាម : អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បាន លើកទឹកចិត្តដល់ក្មួយៗ ដែល ជា កុមារ កំព្រា ទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំ សិក្សា រៀនសូត្រ ដេីម្បី ទទួល បាន ចំណេះដឹង យក ទៅ កសាង អនាគត របស់ ខ្លួន ហើយ ក៏ ត្រូវ ជៀសឲ្យ ឆ្ងាយ ពី គ្រឿងញៀន ផងដែរ ការ ក្រេីន រំលឹក នេះលោក
បាន ធ្វើឡើង ក្នុង ឱកាស ជួប សាកសួរ សុខទុក្ខ ដល់ បុគ្គលិក ម៉ែ ដោះ និង ពិនិត្យ ស្ថានភាព រស់នៅ របស់ កុមារ កំព្រា នៅ មជ្ឈមណ្ឌល កុមារ កំព្រា និង មណ្ឌលសំចត ខេត្ត កំពង់ចាម នាព្រឹក ថ្ងៃ ទី ៤ ខែតុលា ឆ្នាំ ២០១៩ ។
គួរ បញ្ជាក់ ផង ដែរថា មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ស្ថិតក្នុងការគ្រប់គ្រងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ហើយកន្លងមក ទាំងអាជ្ញាធរខេត្ត ពិសេសរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខមាលភាពកុមារកំព្រាគ្រប់ទីកន្លែង បូករួមទាំងនៅក្នុងខេត្តកំពង់ចាមនេះផងដែរ។ ជាមួយ គ្នា នោះ មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម មាន កុមារ ក្នុង មណ្ឌល សរុប ៦៤នាក់ នៅក្នុងឆ្នាំ២០១៩នេះ កុមារ ចំនួន ៥នាក់ ប្រឡង ជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ផងដែរ ។
ដោយ ឡែក មន្ត្រីក្របខណ្ឌ និងបុគ្គលិកកិច្ចសន្យា១១នាក់ ដែល កំពុងអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំរបស់មណ្ឌល លទ្ធផលសម្រេចបាន ៖ សេវាគាំទ្រការបង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម ប្រជុំមេដោះ០២សប្តាហ៏ម្តង និង១ខែម្តង ក្នុងការមើលថែទាំកុមារ ម្ហូបអាហារ សំលៀកបំពាក់ អនាម័យ និងតាមដានការសិក្សារបស់កូនៗតាមបន្ទប់ ប្រជុំកុមារ ១ខែម្តង អំពីវិន័យ ការគោរពបទបញ្ជាផ្ទៃក្នុងមណ្ឌល ស្តាប់ដំបូន្មានមេដោះ គោរពចាស់ទុំ ចេះស្រលាញ់គ្នា ចេះជួយគ្នាទៅវិញទៅមក ជាសពិសេសជំរុញការសិក្សាឱ្យកុមារខិតខំរៀនសូត្រ មេដោះនាំកុមារដាំដំណាំ (ស្រូវ ស្ពៃខៀវ ត្រកួន ពោត ចិញ្ចឹមមាន់ ទា និងត្រី) បច្ចុប្បន្ន មណ្ឌល ខ្វះសំលៀកបំពាក់ និងសំភារះសិក្ស ដោយ អង្គការកុមារអាស៊ីអាស្តេបានផ្តាច់ជំនួយឈប់ជួយចិញ្ចឹមកុមារ ដូច្នេះ មណ្ឌល ជួប ការ ខ្វះខាតអង្ករ (០១តោន ក្នុងមួយខែ) មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម នឹងបន្តអនុវត្តសកម្មភាពដូចជា ប្រជុំមេដោះ និងកុមារ ដាំដំណាំបន្លែបន្ថែមទៀត ព្រមទាំង ខិតខំរកសប្បុរសជនមកជួយផងដែរ ។
ក្នុង ឱកាស នោះ លោក អភិបាល ខេត្ត និង មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បាន សម្រេច ផ្ដល់ អង្ករ ចំនួន ១តោន ក្នុង ១ខែ សម្រាប់ ផ្គត់ផ្គង់ ការ រស់នៅ របស់ កុមារ កំព្រា ក្នុង មណ្ឌល នេះ ផង ដែរ ៕





































