ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងថា«កងទ័ពមានតួនាទីភារកិច្ចគឺការពារជាតិ ប្រឆាំងសត្រូវទាំងខាងក្នុង និងសត្រូវនៅខាងក្រៅ ដែលបំផ្លាញបូរណភាពទឹកដី និងសន្តិភាពជាតិ ព្រមទាំងការរស់នៅសុខសាន្តរបស់ប្រជាជនកម្ពុជា»

0

ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈយ៉ាងសំខាន់ ហើយត្រូវដំណើរការធ្វើឡើងជាប់ជាប្រចាំ ដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជូនដល់យោធិន និងកសាងជួរកងកម្លាំងបន្តវេន ឆ្លើយតបទៅនឹងការអនុវត្តផែនការកំណែទម្រង់ នៃកងយោធពលខេមរៈភូមិន្ទ។

ប្រសាសន៍ថ្លែងបែបនេះ នាឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតី នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញ ភស្ភុភារ យន្តយុទ្ធ ថ្នាក់វរសេនាតូច កងអនុសេនាធំ ពេទ្យសង្គ្រោះ និងបណ្តុះបណ្តាលជំនាញបើកបរ រថយន្តកងពលធំអន្តរាគមន៍លេខ៣ ឆ្នាំ២០១៩។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប នៃកងយោធពលខេមរភូមិន្ទ រួមនឹងអាជ្ញាធរខេត្តព្រះវិហារ។

ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងឯកឧត្តមមេបញ្ជាការ មេបញ្ជាការរងកងពលធំ និងកងពលតូចទាំង៣ចំណុះផងដែរ។ ពិធីនេះបានរៀបចំឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរឯកស័ក.ព.ស២៥៦៣ ត្រូវនិងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ នៅក្នុងអគារសាលប្រជុំទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់បន្តទៀតថា បច្ចុប្បន្ននេះកងយោធពលខេមរភូមិន្ទ មានប្រព័ន្ធហ្វឹកហ្វឺនកាន់តែល្អប្រសើរឡើងជាលំដាប់ និងការហ្វឹកហ្វឺនបណ្តុះបណ្តាលយោធិនអាជីព ការហ្វឹកហ្វឺនជំនាញឯកទេស ត្រូវបានពង្រឹងស្របតាមសច្ចាប័ន និងតម្រូវការសំណុំពរភារកិច្ចចំពោះមុខរបស់អង្គភាពនីមួយៗ ឲ្យមានសមត្ថភាពគ្រប់គ្រាន់អាចក្តាប់ជាប់ នូវតួនាទីភារកិច្ច និងរបៀបរបបចាត់ចែងការងារទាំងក្នុងពេលធម្មតា និងនៅពេលប្រយុទ្ធបានកាន់តែល្អប្រសើរឡើង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានធ្វើការបញ្ជាក់បន្ថែមទៅកាន់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ថា «ក្នុងនាមជាកងទ័ពមានតួនាទីភារកិច្ចគឺការពារជាតិ ប្រឆាំងសត្រូវទាំងខាងក្នុង និងសត្រូវនៅខាងក្រៅ ដែលបំផ្លាញបូរណភាពទឹកដី និងសន្តិភាពជាតិ ព្រមទាំងការរស់នៅសុខសាន្ត របស់ប្រជាជនកម្ពុជា»។ និងស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនាព្រះមហាក្សត្រ គោរពយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក។

ជាមួយគ្នានេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងសង្ឃឹមថា ការបញ្ចប់វគ្គហ្វឹកហ្វឺននាថ្ងៃនេះ បងប្អូនសិក្ខាកាមទាំងអស់ និងយកទៅបម្រើការនៅក្នុងកងឯកភាព របស់ខ្លួនបានយ៉ាងល្អប្រសើរហើយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ នៅក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ នៅព្រះរាជាណាចក្រកម្ពុជា៕សួនលីណា