អភិបាល​ខេត្តកំពង់ចាម​ លេីក​ទឹកចិត្ត​ដល់​កុមារ​កំព្រា​ ឲ្យ​ខិតខំ​រៀនសូត្រ​ ដេីម្បី​យក​ចំណេះដឹង​ទៅ​កសាង​អនាគត

0

​កំពង់ចាម​: អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បាន​​លើកទឹកចិត្តដល់ក្មួយៗ​ដែល​ជា​កុមារ​កំព្រា​ទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំ​សិក្សា​រៀនសូត្រ ដេីម្បី​ទទួល​បាន​ចំណេះដឹង​យក​ទៅ​កសាង​អនាគត​របស់​ខ្លួន​ ហើយ​ក៏​​ត្រូវ​ជៀសឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ផងដែរ​ ការ​ក្រេីន​រំលឹក​នេះលោក​បាន​ធ្វើឡើង​​ក្នុង​ឱកាស​ជួប​សាកសួរ​សុខទុក្ខ​ដល់​បុគ្គលិក​ ម៉ែ​ដោះ​ និង​ពិនិត្យ​ស្ថានភាព​រស់នៅ​របស់​កុមារ​កំព្រា​ នៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ និង​មណ្ឌលសំចត​ ខេត្ត​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៩​ ។

គួរ​បញ្ជាក់​ផង​ដែរថា​ ​មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ស្ថិតក្នុងការគ្រប់គ្រងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ហើយកន្លងមក ទាំងអាជ្ញាធរខេត្ត ពិសេសរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខមាលភាពកុមារកំព្រាគ្រប់ទីកន្លែង​ បូករួមទាំងនៅក្នុងខេត្តកំពង់ចាមនេះផងដែរ។​ ជាមួយ​គ្នា​នោះ​មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម​ មាន​កុមារ​ក្នុង​មណ្ឌល​សរុប​៦៤នាក់​ នៅក្នុងឆ្នាំ២០១៩នេះ កុមារ​ចំនួន​៥នាក់​ ប្រឡង​ជាប់​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ ផងដែរ​។ ដោយ​ឡែក​ មន្ត្រីក្របខណ្ឌ​ និងបុគ្គលិកកិច្ចសន្យា១១នាក់ ដែល​កំពុងអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំរបស់មណ្ឌល លទ្ធផលសម្រេចបាន​៖​ សេវាគាំទ្រការបង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម​ ប្រជុំមេដោះ០២សប្តាហ៏ម្តង និង១ខែម្តង​ ក្នុងការមើលថែទាំកុមារ ម្ហូបអាហារ សំលៀកបំពាក់ អនាម័យ និងតាមដានការសិក្សារបស់កូនៗតាមបន្ទប់​ ប្រជុំកុមារ ១ខែម្តង អំពីវិន័យ ការគោរពបទបញ្ជាផ្ទៃក្នុងមណ្ឌល ស្តាប់ដំបូន្មានមេដោះ គោរពចាស់ទុំ ចេះស្រលាញ់គ្នា ចេះជួយគ្នាទៅវិញទៅមក ជាសពិសេសជំរុញការសិក្សាឱ្យកុមារខិតខំរៀនសូត្រ មេដោះនាំកុមារដាំដំណាំ (ស្រូវ ស្ពៃខៀវ ត្រកួន ពោត ចិញ្ចឹមមាន់ ទា និងត្រី)​ បច្ចុប្បន្ន​មណ្ឌល​ខ្វះសំលៀកបំពាក់ និងសំភារះសិក្ស​ ដោយ​អង្គការកុមារអាស៊ីអាស្តេបានផ្តាច់ជំនួយឈប់ជួយចិញ្ចឹមកុមារ​ ដូច្នេះ​មណ្ឌល​ជួប​ការ​ខ្វះខាតអង្ករ (០១តោន ក្នុងមួយខែ)​ មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម នឹងបន្តអនុវត្តសកម្មភាពដូចជា ប្រជុំមេដោះ​ និងកុមារ ដាំដំណាំបន្លែបន្ថែមទៀត​ ព្រមទាំង​ខិតខំរកសប្បុរសជនមកជួយផងដែរ​ ។​
ក្នុង​ឱកាស​នោះ​ លោក​អភិបាល​ខេត្ត​ និង​មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត​ បាន​សម្រេច​ផ្ដល់​អង្ករ​ចំនួន​១តោន​ ក្នុង​១ខែ​ សម្រាប់​ផ្គត់ផ្គង់​ការ​រស់នៅ​របស់​កុមារ​កំព្រា​ក្នុង​មណ្ឌល​នេះ​ផង​ដែរ​ ៕