អភិបាលខេត្តកំពង់ចាម​៖​ ការ​ទទួល​ភាព​ជោគជ័យ​ លុះត្រាតែ​មាន​ការ​សហការ​គ្នា​

0

កំពង់ចាម​: អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ ការ​ទទួលភាព​​ជោគជ័យ​ទៅ​បាន​លុះត្រាតែ​មាន​ការ​សហការ​ រវាង​បងប្អូន​ប្រជាពលរដ្ឋ​​ជាមួយ​នឹងអាជ្ញាធរ​មាន​​សមត្ថកិច្ច​ ក្នុង​ការ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ដូច្នេះ​សូម​ឲ្យលោកយាយ​លោក​តា​បងប្អូន​ប្រជាពលរដ្ឋ​​ ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ ដេីម្បី​ទទួល​បាន​ភាព​ជោគជ័យ​សម្រាប់​សហគមន៍​យើង​ទាំង​មូល​ គឺ​ត្រូវ​​ផ្ដល់​ព័ត៌មាន​​រាយការណ៍​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ជា​បន្ទាន់​​រាល់​សកម្មភាព​ដែល​សង្ស័យ​ជា​បទល្មើស​ និង​សកម្មភាព​ប៉ុនប៉ង​បង្ក​អសន្តិសុខ​របស់​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​ផងដែរ​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ដែល​លោក​អភិបាល​ខេត្ត​បាន​អញ្ជើញ​​ចូលរួមក្នុងពិធីបញ្ចុះបឋមសិលា ដើម្បីសាងសង់អគារអធិការដ្ឋាននគរបាលស្រុកកោះសូទិន​ នាព្រឹក​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៩​ ។

ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ លោក​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្ត​កំពង់ចាម​ បាន​លើក​ឡើង​ថា​ អគារ​អធិការដ្ឋាន​នេះ​គឺពិតជា​មាន​សារៈសំខាន់​ណាស់​ ដូច្នេះ​ត្រូវ​សាងសង់​ឲ្យ​មាន​គុណភាព​ ត្រូវ​តាម​ស្តង់ដារ​លក្ខណៈ​បច្ចេកទេស​ ដើម្បី​ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​ ក្នុង​ការ​បម្រើ​សេវា​សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​មាន​ការ​រេីសអេីង​។​ ជាមួយ​គ្នា​នោះ​ ​លោក​អភិបាល​ខេត្ត​ ក៏បាន​ធ្វើ​ការ​កោតសរសើរ​ចំពោះ​អជ្ញាធរ​កងកម្លាំងសមត្ថកិច្ច​ ស្រុក​កោះសូទិន​ ដែល​​សហការ​គ្នាបានយ៉ាង​ល្អ​ ក្នុង​ការ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ពេល​មាន​គ្រោះ​ទឹក​ជំនន់​ និង​រារាំង​ការ​ប្រមូល​ផ្ដុំ​របស់​ជន​ឆ្លៀត​ឱកាស​ប៉ុនប៉ង​បង្ក​អសន្តិសុខ​តាម​ការ​ញុះញង់​បំបែកបំបាក់​សាមគ្គី​ជាតិ​ផង​ដែរ​ ។

គួរ​បញ្ជាក់​ផង​ដែរថា​ អគារ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះសូទិន​ ដែល​ត្រូវ​ប្រារព្ធពិធីបញ្ចុះបឋមសិលា​នាពេលនេះ​ មាន​​ទំហំ ទទឹង១៨ម៉ែត្រ និងបណ្ដាយ៩ម៉ែត្រ សាងសង់​លើផ្ទៃដី ទំហំ២,០២៥ម៉ែត្រការ៉េ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ​ ។ ក្នុងឱកាសនោះដែរ លោក​ អភិបាលខេត្ត ក៏​បានឧបត្ថម្ភថវិកាជូនតាអាចារ្យ១ម្នាក់ ថវិកា១០ម៊ឺនរៀល​ តាជី យាជី ៣៦នាក់ ក្នុងម្នាក់ៗទទួលថវិកា១ម៊ឺនរៀល​ និង​ក្រណាត់ស១ដុំផងដែរ៕