ព្រះវិហារ៖ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនពុកម៉ែ បងប្អូន កងទ័ព គ្រួសារកងទ័ព សរុបចំនួន ១,៩២៧នាក់ដោយឥតគិតថ្លៃ។
ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ
ក្នុងទីតាំងវរសេនាតូចលេខ៣៩២ ស្ថិតនៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដោយមានការចូលរួមពីសំំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង ព្រមទាំងក្រុមការងារ ប្រចាំទិសទី១ប្រាសាទព្រះវិហារ តាមបណ្តោយព្រំដែនកម្ពុជា.ថៃ និងឡាវ។
នាឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងតែ បានគិតគូរអំពីសុខទុក្ខពុកម៉ែ បងប្អូនកងទ័ព គ្រួសារកងទ័ពគ្រប់ទីកន្លែង។
បន្ថែមពីនេះ លោកជំទាវប្រធាន ក៏បានផ្តល់នូវការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ពុកម៉ែ បងប្អូនទាំងអស់ដែលបានអញ្ជើញមកទទួលយក សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺសម្រាប់ថ្ងៃនេះ។ ប្រកបដោយអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយផ្តល់សេវាថែទាំសុខភាពប្រចាំថ្ងៃ ឱ្យកាន់តែបង្ខិតជិតមកដល់មូលដ្ឋានរបស់ពួកគាត់។
ជាមួយគ្នានិងការពិនិត្យ ពិគ្រោះព្យាបាលជំងឺទូរទៅដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យវេជ្ជសាស្ត្រសម្តេចតេជោ ក៏មានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក និងថ្ងៃត្រង់ មាននំបញ្ចុក នំបុ័ង បបរគ្រឿង និងភេសជ្ជ: ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយបំផុត។
ជាពិសេសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានបន្តបន្ថែមវាស់ភ្នែក ចែកជូនវែនតាសម្រាប់លោកយាយ លោកតាចំនួន ៣០០នាក់ ចែកជូនសម្ភារសិក្សា ដល់សិស្សានុសិស្ស និងសំលៀកបំពាក់ជូនដល់លោកយាយ លោកតា ព្រមទាំងចែកជូនរទេះរុញ សម្រាប់ជនពិការចំនួន ០៩គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕សួនលីណា





































